Murray ធ្លាក់​ចេញពី Australian Open ក្រោយពី​ការ​វាយបក​ដ៏​រំភើប

កីឡាករ​វាយ​កូន​បាល់ Andy Murray បាន​ចាកចេញ​ទាំង​ការបើកចំហ​ទ្វារ​ឲ្យ​មានការ​វិលត្រឡប់​មួយ​ទៅកាន់​ទីលាន Melbourne Park ក្រោយពី​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​របស់​កីឡាករ Roberto Bautista Agut ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​ចំនួន 5សិត ក្នុង​ជុំ​ទី1 នៃ​ព្រឹត្តិការណ៍ Australian Open កាលពី​ថ្ងៃ​ចន្ទ។

ក្រោយពី​បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ​អាច​នឹង​ក្លាយជា​យុទ្ធនាការ​ចុងក្រោយ​ក្នុងនាម​ជា​កីឡាករ​អាជីព ដោយសារ​តែមាន​បញ្ហា​ឈឺចាប់​ត្រង់​ចង្កេះ Murray បាន​លេង​ជាមួយនឹង​ការខិតខំ​ព្យាយាម​អស់ពី​សមត្ថភាព​របស់​គេ តាមរយៈ​ការ​វាយបក​ពី​ការ​តាម​ក្រោយ 2សិត មុនពេល​ចាញ់​ទៅវិញ​ក្នុង​លទ្ធផល 6-4, 6-4, 6-7 (5) 6-7 (4) និង6-2 នៅក្រោម​ពន្លឺភ្លើង នៅលើ​ទីលាន Melbourne Arena។

អតីត​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 លើ​ពិភពលោក​រូបនេះ បានធ្វើ​ឲ្យ​ការប្រកួត​របស់គេ​ស្ថិតក្នុង​ភាពស្វិតស្វាញ ខណៈដែល​រូបគេ​បាន​បង្ខំ​ឲ្យ​ការប្រកួត​ឈានដល់​សិត​កាត់សេចក្តី និង​បន្ទាប់មក​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សង្ឃឹមថា រូបគេ​អាច​នឹង​បង្កើត​ឲ្យ​មានការ​រំភើប​ម្តងទៀត​នៅ​អូស្ត្រាលី។

ម្ចាស់​ជើងឯក Grand Slam 3 សម័យកាល​រូបនេះ បាន​និយាយ​នៅលើ​ទីលាន​ប្រកួត​ថា៖ «ខ្ញុំ​ប្រហែលជា​នឹង​ជួប​អ្នក​ទាំងអស់គ្នា​ម្តងទៀត ខ្ញុំ​នឹងធ្វើ​រាល់អ្វីៗទាំងអស់​តាម​ដែល​អាច​ធ្វើបាន។ ប្រសិនបើ​ខ្ញុំ​ចង់​ធ្វើ​ម្តងទៀត ខ្ញុំ​នឹងត្រូវ​តែមាន​ការវះកាត់​ដ៏​ធំ​មួយ ដែល​មិន​មានការ​ធានាថា ខ្ញុំ​អាច​វិល​ទៅ​ប្រកួត​បាន​វិញ​ឡើយ ប៉ុន្តែ ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព» ៕

Advertisement