លោក Guardiola៖ Man City ត្រៀម​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប​លើ​ការ​ភ្នា​ត់​ស្នៀត​របស់ Liverpool

លោក Pep Guardiola បាន​បញ្ជាក់ថា ក្រុម Manchester City របស់លោក នឹង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប ប្រសិនបើ​ក្រុម​កំពុងតែ​នាំមុខ​លើ​តារាង Premier League គឺ Liverpool មានការ​ភ្លាត់ស្នៀត ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Wolves កាលពី​ថ្ងៃ​ចន្ទ ដែល​បានធ្វើ​ឲ្យ​ក្រុម Man City ដេញតាម​ពីក្រោយ​ក្រុម​របស់លោក Jurgen Klopp ត្រឹមតែ 4ពិន្ទុ។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី2 ពី​សំណាក់​កីឡាករ​ខ្សែប្រយុទ្ធ Gabriel Jesus នៅ​ចន្លោះពេល​នៃ​ការពិន័យ​កាត​ក្រហម​សម្រាប់​ខ្សែការពារ​បារាំង Willy Boly របស់ Wolves បានអនុញ្ញាត​ឲ្យ​ក្រុម Man City បង្ហាញថា ពួកគេ​បាន​លុបចោល​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​ពួកគេ​កាលពី​ខែធ្នូ​ហើយ។

អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City រូបនេះ មិនមាន​អារម្មណ៍​ក្នុងការ​ធ្វើការ​វិភាគ​ទៅលើ​តារាង​ឡើយ និង​បាន​បញ្ជាក់ថា លោក​ចាប់អារម្មណ៍​តែ​ទៅលើ​ការបង្ហាញ​ពី​ទម្រង់​លេង​របស់​ក្រុម​លោក​ប៉ុណ្ណោះ។

លោក Guardiola បាន​ឲ្យ​ដឹងថា៖ «យើង​មិនអាច​លេង​ការប្រកួត​ជាច្រើន​ជាមួយនឹង​ក្រុម Liverpool ទេ ហើយ​យើង​មិនអាច​ធ្វើ​អ្វី​ទៅលើ​ពួកគេ​បានឡើយ»។

គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្តថា៖ «អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​របស់​យើង និង​រក្សា​ការដេញ​តាម​ពីក្រោយ។ យើង​មិនបាន​និយាយ​ទៅកាន់​កីឡាករ​របស់​យើង​ពី​បញ្ហា​នោះទេ ហើយ​យើង​មិនអាច​គ្រប់គ្រង​អ្វីដែល​យើង​អាចធ្វើ​បានឡើយ។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការបង្ហាញ​ពី​ភាពខ្លាំង ហើយ​នៅ​ថ្ងៃ​ណាមួយ ពួកគេ​ប្រហែលជា​ចាញ់។ ប៉ុន្តែ ប្រសិនបើ​ពួកគេ​មិន​ចាញ់​ទេនោះ ពួកគេ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក»។

លោក Guardiola បាន​បន្ថែមទៀតថា៖ «យើង​បានធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​បន្ទាប់ពី​រដូវ​កាល​មុន ប៉ុន្តែ ក្រុម​មួយ​ធ្វើបាន​ល្អប្រសើរ​ជាង​យើង​មកទល់ពេលនេះ។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការរក្សា​ភាពខ្លាំង​រហូតដល់​បញ្ច​ប់​រដូវ​កាល ហើយ​លទ្ធផល​នឹង​បង្ហាញថា ក្រុម​ណា​នឹង​ឈ្នះ»៕

Advertisement