Roma ប្រាប់ Liverpool ថា ២៨លានផោនមិនគ្រប់គ្រាន់សម្រាប់ការទិញយក Salah ទេ

ក្លិប Roma បានប្រាប់ក្លិបហង្សក្រហម Liverpool ថា ២៨លានផោន (ស្មើនឹង៣៦លានដុល្លារអាមេរិក) នឹងមិនគ្រប់គ្រាន់ក្នុងការទិញយកខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ទេ។

ក្លិបទាំងពីរបានរៀបចំកិច្ចពិភាក្សាជាច្រើនលើកជុំវិញកិច្ចព្រមព្រៀងដែលអាចទៅរួចមួយ ខណៈដែល Liverpool បានបញ្ជាក់ប្រាប់ថា ពួកគេត្រៀមលក្ខណៈរួចរាល់ក្នុងការដាក់សំណើជាទឹកប្រាក់២៨លានផោន ដើម្បីទិញយកកីឡាកររូបនេះ ប៉ុន្តែទោះបីជាយ៉ាងណា ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ នឹងមិនលក់កីឡាករ Salah វ័យ២៤ឆ្នាំម្នាក់នេះក្នុងតម្លៃខ្លួនប៉ុននោះឡើយ ហើយបច្ចុប្បន្ន វាអាស្រ័យទៅលើ Liverpool ក្នុងការសម្រេចថា តើពួកគេចង់បង្កើនសំណើនៃការដេញថ្លៃរបស់ខ្លួន ឬយ៉ាងណា?។

លោក Jurgen Klopp នៃក្លិប Liverpool បានចាត់ទុកខ្សែបម្រើស្លាបរូបនេះ គឺជាកីឡាករអាទិភាពរបស់លោកក្នុងការទិញចូល ខណៈដែលក្លិបនេះត្រៀមសម្រាប់រដូវកាលថ្មីក្នុងក្របខ័ណ្ឌ Premier League និងការប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ Playoff។ Liverpool បានជួបនឹងភាពត្រដាបត្រដួសខ្លាំងកាលពីរដូវកាលមុន នៅពេលដែលពួកគេលេងដោយគ្មានខ្សែបម្រើដ៏ឆ្នើម Sadio Mane ជាពិសេសនៅកីឡដ្ឋាន Anfield ជាកន្លែងដែលពួកគេបានជួបការលំបាកក្នុងការផ្តួលក្រុមជាច្រើន ហើយលោក Klopp ជឿជាក់ថា Salah នឹងជួយបន្ថែមល្បឿនក្នុងក្រុមរបស់លោក។ Salah ទើបតែបានបំពេញរដូវកាលទី២របស់គេនៅឯក្លិប Roma ក្រោយពីរូបគេបានលេងក្នុងនាមជាកីឡាករកម្ចីពីក្លិប Fiorentina ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ និងបានក្លាយជាកីឡាករដ៏មានគ្រោះថ្នាក់បំផុតរបស់ក្របខ័ណ្ឌ Serie A។

ក្នុងអំឡុងការចំណាយពេល២រដូវកាលរបស់គេក្នុងក្រុម Roma រូបគេបានស៊ុតបាល់បញ្ចូលទី២៩គ្រាប់ ក្នុងការប្រកួតលីក៦៥លើក៕
ប្រភពពី៖ The Guardian

Advertisement