កា​តា លត់ អេមី​រ៉ាត​អា​រ៉ាប់​រួមយ៉ាង​ដំណំ ដើម្បី​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ Asian Cup

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​កាតា បាន​លត់ក្រុមម្ចាស់​ផ្ទះ​អេមី​រ៉ាត​អារ៉ាប់​រួម យ៉ាង​ដំណំ​ក្នុងលទ្ធផល 4-០ កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍ AFC Asian Cup ឆ្នាំ​2019។

ជ័យជម្នះ​នេះ ដែល​បាន​កើត​ឡើង​នៅមុខ​អ្នក​គាំទ្រម្ចាស់​ផ្ទះ​ដ៏ច្រើន​កុះ​ករ​ក្នុង​ទីក្រុង Abu Dhabi នោះ បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិកា​តា ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន​ជា​លើក​ទី​1​របស់ពួកគេ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅថ្ងៃ​សុក្រខាង​មុខនេះ​។

កាតា បាន​រក​គ្រាប់​បាល់​បើឆាក​​បានតាមរយៈ​កីឡាករ BoualemKhoukhi នៅ​នាទីទី​22 ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Almoez Ali បាន​បន្ថែម​​គ្រាប់បាល់​ទី​2 ​ក្នុង​រយៈ​ពេល​ 15​​នាទីក្រោយមក​។

កីឡាករ Hassan al-Haydos បានបន្ថែម​គ្រាប់បាល់​ទី​3​ នៅនាទីទី​80 តាមរយៈ​ការ​​ឆ្កឹះ​បាល់​រំ​លង​ក្បាល​របស់​អ្នក​ចាំទី​​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ហើយ​ Ismaeil បានបំពេញ​ការ​ឈាន​ទៅ​វគ្គ​បន្តជាស្ថាពរ​របស់​ក្រុម​ជម្រើស​ជាតិ​កា​តា ជាមួយ​នឹង​គ្រាប់​បាល់​ 1​គ្រាប់​នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​។

ការ​ប្រកួតនេះ ត្រូវ​បាន​បង្អាក់​ដំណើរ​​​ដោយ​សារ​តែ​អ្នក​គាំទ្រ ដែល​បាន​​ចោល​ស្បែក​ជើង និង​ដប​ទឹក​បរិ​សុទ្ធ ទៅកាន់​កីឡាករ​របស់​កាតា ក្នុង​ពេល​ដែលពួក​គេកំពុង​តែ​អប​អរ​នឹងការ​រកបានគ្រាប់​បាល់​។

ស្រ​បពេល​ជាមួយ​គ្នា​នេះ អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ក៏​បាន​​ស្រែក​ច្រៀង​បែប​ចំអក អំ​ឡុង​ពេល​នៃ​ការ​​ច្រៀង​ចម្រៀង​ជាតិ​របស់​កា​តា នៅមុនពេល​ការ​ប្រកួត​ផង​ដែរ​។

លោក Felix Sanchez គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិកាតា បាន​ឱ្យ​​​ដឹង​ថា៖ «ខ្ញុំ​គិត​ថា កីឡាករ​បាន​ដឹង​ថា វា​នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏ស្វិត​ស្វាញមួយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ដ៏ច្រើន ប៉ុន្តែខ្ញុំ​គិត​ថា ពួក​គេ​បាន​គ្រប់​គ្រង​ការ​រំជួល​ចិត្ត​បាន​យ៉ាង​ល្អ​»​៕

ប្រភព​ពី៖ Sport24

Advertisement