គ្រូបង្វឹក​កា​តា មិនខ្វល់​ពីការ​តវ៉ា​​​​របស់​អេមី​រ៉ាត​អា​រ៉ាប់រួម ជុំ​វិញ​សិទ្ធិ​តារាឆ្នើម​ 2នាក់ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ​រាត្រីនេះ

រយៈ​​ពេល​ 2​ថ្ងៃ ក្រោយពី​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អេមី​រ៉ាត​អា​រ៉ាប់​រួម បាន​ចោល​ស្បែក​ជើង​ទៅកាន់​កីឡាករ​នៃក្រុម​ប​ដិ​បក្ខ អំឡុង​ពេល​ក្រុម​ខ្លួន​ចាញ់​ក្នុងលទ្ធផល 4-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​កាតា ក្នុង​ព្រឹត្តិ​ការណ៍ Asian Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្ររួចមក សហ​ព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​នេះ មាន​បំណង​ផ្តល់​ការ​រំខាន​ដល់ក្រុម​​​កា​តា​។

គណៈ​កម្ម​ការ​រៀប​ចំយុទ្ធ​នាការ Asian Cup បាន​បញ្ជាក់​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ជាផ្លូវ​ការមួយ​ដែល​ត្រូវ​បាន​ដាក់​ដោយ​មន្ត្រី​កីឡា​បាល់​ទាត់​របស់​​អេ​មី​រ៉ាត​អា​រ៉ាប់រួម​ ដែល​បាន​ចោទ​ប្រកាន់​ថា សមា​ជិក​ 2នាក់​របស់​ក្រុម​ជម្រើស​ជាតិ​កា​តា មិនមាន​សិទ្ធិ​ចូល​លេង​ក្នុង​យុទ្ធនាការ​ដ៏ធំ​បំផុត​​ប្រចាំ​តំបន់មួយនេះ​ទេ។

កីឡាករ​ទាំង​ 2នាក់​នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ស៊ូ​ដង់ Almoez Ali និង​ខ្សែ​ការ​ពារ​ដើម​កំណើត​អ៊ី​រ៉ាក់ Bassam al-Rawi ដែល​សុទ្ធសឹង​ជា​តារាឆ្នើម​របស់​កាតា​។

Ali គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​ប្រចាំ​យុទ្ធនាការ​នេះ តាម​រយៈការរក​បាន​ 8​គ្រាប់ ហើយ Al-Rawi រក​បាន​ 1​គ្រាប់​​សម្រាប់​កា​តា ក្នុងការ​ប្រកួត​វគ្គ​ 8​ក្រុមចុងក្រោយ​។

ទោះ​បី​ជា​យ៉ាង​ណា លោក Felix Sanchez គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កាតា បាន​និយាយ​ថា ក្រុម​របស់​លោក​​នឹងមិន​ប្តូរ​ការ​ចាប់​អារម្មណ៍​ចេញពី​ការ​ប្រកួត​ដ៏សំខាន់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​បាល់​ទាត់​របស់​ប្រទេស​នេះ​ដោយ​សារ​តែ​ការ​តវ៉ា​លើ​សិទ្ធិ​ចូល​លេង​របស់​កីឡាករ​ដ៏ឆ្នើម​ 2​នាក់​របស់​ខ្លួនក្នុង​ព្រឹត្តិការណ៍ Asian Cup នោះឡើយ​។

លោក​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ Sanchez បាន​និយាយ​ថា ក្រុម​របស់​លោកកំពុង​តែ​ផ្តោត​អារម្មណ៍​ជា​ពិសេស​លើ​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រីនេះ នាកីឡដ្ឋាន Zayed Sports City​។

លោក​បាន​ឱ្យ​ដឹង​ថា៖ «យើង​​ផ្តោត​តែ​ទៅលើ​ការ​ប្រកួត​ដែលយើង​នឹង​លេង​នៅ​ថ្ងៃ​ស្អែក​នេះ រឿង​ផ្សេង​ទៀត​ដែល​មិន​ទាក់​ទង​នឹង​បាល់​ទាត់ គឺ​មិន​ស្ថិតក្នុង​ចិត្ត​យើងឡើយ​នៅពេល​នេះ​»​៕

Advertisement