លោក Bosz ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Dortmund

លោក Peter Bosz សញ្ជាតិហូឡង់ ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Borussia Dortmund នេះបើយោងតាមការប្រកាសរបស់ក្លិបអាល្លឺម៉ង់មួយនេះ កាលពីថ្ងៃអង្គារ។

ក្លិប Dortmund បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter របស់ពួកគេ អំពីការប្រកាសតែងតាំងនេះថា៖ «លោក Peter Bosz គឺជាគ្រូបង្វឹកបង្គោលថ្មីរបស់ក្លិប BVB។ កិច្ចសន្យារបស់លោកនឹងបន្តរហូតដល់ឆ្នាំ 2019»។ លោក Bosz វ័យ 53ឆ្នាំ បានផ្ទេរមកពីក្លិប Ajax Amsterdam ក្រោយពីដឹកនាំឲ្យក្លិបហូឡង់មួយនេះ ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League មុននឹងចាញ់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល 2-0 កាលពីខែមុន។

ក្រោយពីបានចំណាយពេលដ៏ខ្លីក្នុងនាមជាកីឡាករម្នាក់នៅអាល្លឺម៉ង់ ជាមួយនឹងក្លិប Hansa Rostock កាលពីទសវត្សរ៍ឆ្នាំ1990 គ្រូបង្វឹករូបនេះនឹងចូលជំនួសកន្លែងរបស់លោក Thomas Tuchel ដែលបានចាកចេញ បើទោះបីជាក្លិប Dortmund បានឈ្នះពាន German Cup ដែលជាពានរង្វាន់ធំលើកទី1 របស់ពួកគេក្នុងរយៈពេល 5ឆ្នាំ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅលើតារាងក្របខ័ណ្ឌ Bundesliga ក្នុងរដូវកាលដែលទើបតែបានបញ្ចប់នេះក៏ដោយ។

លោក Hans-Joachim Watzke ប្រធានប្រតិបត្តិរបស់ក្លិប Dortmund បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ក្រៅពីមហិច្ឆតាក្នុងកីឡារបស់យើង អារម្មណ៍ដែលយើងមាននឹងគិតថា យើងអាចបង្កើតអ្វីមួយរួមគ្នានៅទីនេះ បានក្លាយជាកត្តាកាត់សេចក្តីក្នុងការសម្រេចឲ្យមានការតែងតាំងនេះតែម្តង»៕
ប្រភពពី៖ Sky Sports

Advertisement