Liverpool ដកការចាប់អារម្មណ៍លើ Van Dijk ក្រោយ Southampton តវ៉ា

ក្លិប Southampton ជឿជាក់ថា ខ្សែការពារ Virgil van Dijk នឹងបន្តនៅជាមួយពួកគេនៅរដូវកាលក្រោយនេះ បន្ទាប់ពីក្លិប Liverpool ត្រូវបានបង្ខំឲ្យដកខ្លួនចេញទាំងអាម៉ាសពីការតាមប្រមាញ់ទិញកីឡាកររូបនេះ។

ក្លិប Southampton បានខឹងសម្បាយ៉ាងខ្លាំង ក្រោយពីមានសារព័ត៌មានចេញផ្សាយថា Liverpool កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការបំពេញការផ្ទេរមួយក្នុងតម្លៃខ្លួន៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារកណ្តាលអន្តរជាតិហូឡង់រូបនេះ ហើយពួកគេបានរាយការណ៍ព័ត៌មាននេះទៅកាន់ក្លិប Premier League ដោយចោទប្រកាន់ Liverpool ពីបទដាក់សំណើមិនស្របច្បាប់។ Southampton មានអារម្មណ៍ថា គោលបំណងរបស់ Liverpool ត្រូវបានបង្ហាញនៅក្នុងអត្ថបទព័ត៌មាននោះ ហើយពួកគេបានបញ្ជាក់ថា កីឡាករ Van Dijk ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Anfield ប្រាកដមែន បើទោះបីមិនមានការដាក់សំណើជាផ្លូវការណាមួយសម្រាប់រូបគេក៏ដោយ។ មានព័ត៌មានជាច្រើនចេញផ្សាយថា Van Dijk បានជួបជាមួយនឹងលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool ក្នុងទីក្រុង Blackpool ដើម្បីពិភាក្សាទៅលើការផ្ទេរដែលអាចទៅរួចមួយ ខណៈដែលការពិភាក្សានេះគឺជាការប្រព្រឹត្តខុសនឹងច្បាប់របស់លីកអាជីពអង់គ្លេសដោយសារតែគ្មានការស្នើសុំការអនុញ្ញាតពីក្លិបដែលជាម្ចាស់កម្មសិទ្ធិ។

កាលពីថ្ងៃពុធម្សិលមិញ Liverpool បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ពួកគេ ដើម្បីបង្ហាញពីភាពសោកស្តាយ និងការសុំអភ័យទោស។ ក្លិបហង្សក្រហមមួយនេះ បានឲ្យដឹងថា៖ «យើងពិតជាសុំទោសដល់ក្លិប Southampton ចំពោះការយល់ច្រឡំណាមួយទាក់ទងនឹងការតាមទិញ Van Dijk ហើយយើងអាចនិយាយបានថា យើងបានដកការចាប់អារម្មណ៍ទៅលើរូបកីឡាករម្នាក់ហ្នឹងហើយ»៕
ប្រភពព័ត៌មាន៖ The Guardian

Advertisement