Man United នឹងបង្កើនសំណើរហូតដល់៦០លានផោនដើម្បីទិញ Morata ពី Real Madrid

ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមបង្កើនសំណើរបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធ Alvaro Morata ក្នុងតម្លៃខ្លួនរហូតដល់ទៅ៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) ក្រោយពីការដាក់សំណើជាលើកទី១របស់ពួកគេក្នុងទឹកប្រាក់៥២លានផោន ត្រូវបានច្រានចោលពីសំណាក់ក្លិប Real Madrid។

លោក Jose Mourinho បានចាត់ទុកខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ គឺជាគោលដៅទិញចូលជាអាទិភាពរបស់លោកនៅរដូវក្តៅនេះ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បានប្រកាសថា រូបគេនឹងមិនចាកចេញពីក្លិប Atletico Madrid ឡើយ។

ការចរចាផ្សេងៗជាមួយនឹងក្លិប Real Madrid បានធ្វើឡើងនៅសប្តាហ៍នេះ ខណៈដែលសំណើជាលើកទីមួយរបស់ Man United ក្នុងទឹកប្រាក់៦០លានអឺរ៉ូ (ស្មើនឹង៥២លានផោន ) ត្រូវបានច្រានចោល ក្រោយពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League បានដាក់តម្លៃខ្លួនទៅលើ Morata រហូតដល់ទៅ៩០លានអឺរ៉ូ (ស្មើនឹង១០១លានដុល្លារអាមេរិក ឬ៧៨លានផោន)។ Man United ត្រូវបានគេមើលឃើញថា មានការជឿជាក់ក្នុងការបញ្ចុះបញ្ចូលប្រធានក្លិបរបស់ Real Madrid គឺលោក Florentino Perez ឲ្យយល់ព្រមបញ្ចុះតម្លៃខ្លួនរបស់ Alvaro Morata ប្រសិនបើពួកគេអាចបង់ភាគច្រើននៃតម្លៃខ្លួនសរុបរបស់ កីឡាករម្នាក់នេះបាន។

ខ្សែប្រយុទ្ធរូបនេះ ទើបតែបានវិលត្រឡប់ទៅកាន់កីឡដ្ឋាន Santiago Bernabeu វិញពីក្លិប Juventus កាលពីឆ្នាំមុន ក្រោយពី Real បានប្រើប្រាស់លក្ខខណ្ឌទិញរំលាយកិច្ចសន្យាក្នុងទឹកប្រាក់៣០លានផោន។

ក្លិបតោខៀវ Chelsea ក៏បានបង្ហាញពីការចាប់អារម្មណ៍ទៅលើ Morata ផងដែរ ក្រោយពីខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទីសរុប២០គ្រាប់ ក្នុងរាល់យុទ្ធនាការប្រកួតទាំងអស់ កាលពីរដូវកាលមុន និងបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ទទួលបានលទ្ធផលស្មើ ២-២ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី កាលពីថ្ងៃពុធ ប៉ុន្តែ Chelsea ក៏កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការនាំយក Romelu Lukaku ពីក្លិប Everton ដែរ៕
ប្រភពពី៖ The Guardian

Advertisement