កម្ពុជានៅតែមិនស្គាល់​ឈ្នះ​ពេល​ជួប​ឥណ្ឌូនេស៊ី នៅមុខ​អ្នក​ទស្សនា​ដ៏ច្រើនកុះ​ករ

ទម្រង់លេងដ៏ត្រដាប​ត្រដួស​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិកម្ពុជានៅតែបន្តឃើញមាន ក្រោយពីពួក​គេ​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល 2-០ ក្រោមស្នា​ដៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ីក្នុង​ការ​ប្រកួតមិត្តភាពអន្តរ​ជាតិមួយ នៅមុខ​អ្នក​គាំ​ទ្រ​ដ៏​ច្រើន​​កុះ​កររបស់ក្រុម​ម្ចាស់ផ្ទះ នាកីឡដ្ឋាន​ជាតិ​​អូឡាំពិក កាលពីល្ងាចថ្ងៃ​ព្រហស្បតិ៍​។

ក្រុមម្ចាស់ផ្ទះ​កម្ពុជា បាន​បណ្តោយ​ឲ្យមានគ្រាប់​បាល់ចូល​ទី​របស់ខ្លួន​​1​គ្រាប់ក្នុង​តង់​នីមួយៗ ខណៈ​ដែល​កំណត់ត្រា​មិនស្គាល់​ឈ្នះ​របស់​ពួក​គេ​​បាន​បន្ត​រហូត​​ដល់​8​ប្រកួត នៅមុន​​ពេលការ​ប្រកួត​​ជម្រុះ​ព្រឹត្តិការណ៍ AFC Asian Cup ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អា​ហ្វ​ហ្គា​នីស្ថាន នា​ថ្ងៃ​ទី​13 ខែ​មិថុនា ខាងមុខនេះ​។ នេះ​​គឺ​ជា​ការ​រង​បរា​ជ័យ​ជាលើក​ទី​4​ជាប់​ៗ​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​លោក Leonardo Vitorino ដែល​​ត្រូវ​បាន​តែង​តាំង​កាលពី​​ដើម​ឆ្នាំ​2017នេះ ដើម្បី​ជំនួស​​កន្លែង​របស់លោក Lee Tae Hoon​។ វា​ក៏​ជា​​ការរង​បរា​ជ័យ​ជាលើក​ទី​14​ផង​ដែរ ក្នុង​ចំណោម​ការ​ជួប​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ឥណ្ឌូ​នេស៊ី ចំនួន​15​លើក​។ ក្រុមកម្ពុជារបស់​លោក Vitorino សញ្ជាតិប្រេស៊ីល បាន​ចាប់ផ្តើម​​យ៉ាង​ល្អ​ក្រោម​សំឡេង​​គាំទ្រ​​ពី​ទស្សនិកជន​ជិត​​5០,០០០​នាក់​ នៅ​រាជ​ធានីភ្នំ​ពេញ និង​រក​បាន​ឱកាស​ជាលើកដំបូង​នៅនាទីទី​9  ប៉ុន្តែអ្នក​ចាំ​ទី Marinus Wanewar នៃក្រុម​ភ្ញៀវ​បាន​សង្គ្រោះ​បាល់​យ៉ាងល្អ​។ ក្រុម​​ដែលមាន​រហស្សនាម​ថា គោ​ព្រៃមួយនេះ រក​បាន​ឱកាសម្តង​ទៀតក្នុង​រយៈ​ពេល​5នាទីក្រោយ​មក តាម​រយៈ​​កីឡាករ​ប្រាក់ មុន្នី​ឧត្តម ប៉ុន្តែការ​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​របស់​គេ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាល់​​ Offside​។ ក្រុម​​ភ្ញៀវ​​ឥណ្ឌូនេស៊ី បាន​រកគ្រាប់​បាល់បើកឆាក​នៅនាទីទី​26 នៅពេល​ដែល​កីឡាករ Irfan Bachdim បាន​អូ​ស​បាល់​ផុតតំបន់ការ​ពារ និង​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី​ស៊ូ អាទី យ៉ាងល្អតែម្តង​។

កម្ពុជា បានខិត​ខំព្យាយាម​​វាយសម្រុក​យ៉ាងខ្លាំង ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​​ឃួន ឡា​បូ​រ៉ា​វី ទទួល​បាន​ឱកាស​ល្អ​ពីរលើក​​ក្នុ​ងចន្លោះ​ពេល​​ត្រឹម​តែ​2នាទី ប៉ុន្តែ នៅ​តែ​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់ Meiga បាន នៅមុន​ពេល​កីឡាករ Gian Zola រក​បាន​1​គ្រាប់​ទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​របស់ក្រុម​ខ្លួន​តែម្តង​៕

https://www.youtube.com/watch?v=rEc2wQTmzQs

Advertisement