Solanke ជួយឲ្យអង់គ្លេសទៅជួបវ៉េណេស៊ុយអេឡា ក្នុង U20 World Cup វគ្គផ្តាច់ព្រ័ត្រ

ខ្សែប្រយុទ្ធ Dominic Solanke បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសអាយុក្រោម2០ឆ្នាំ បានធ្វើការវាយផ្តួលក្រុមជម្រើសជាតិអ៊ីតាលី ក្នុងលទ្ធផល 3-1 ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Under-20 World Cup ជាលើកទី1ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍។

Solanke របស់ក្លិប Liverpool បានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើស្លាប Riccardo Orsolini របស់អ៊ីតាលីនៅពេលដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទីទី66 មុនពេលខ្សែប្រយុទ្ធ Ademola Lookman របស់ក្លិប Everton បានជួយឲ្យអង់គ្លេស មានគ្រាប់បាល់នាំមុខ 2-1 ក្នុងរយៈពេល11នាទីក្រោយមក។ ខណៈនៅសល់រយៈពេល 2នាទីចុងក្រោយ Solanke បានស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អ ដើម្បីជួយឲ្យក្រុមអង់គ្លេសឈ្នះកៅអីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះជាមួយនឹងក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ដែលបានផ្តួលក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។

ក្រុមទាំងពីរមិនធ្លាប់ឈានទៅដល់វគ្គផ្តាច់ព្រ័ត្រកាលពីមុនឡើយ ហើយសម្រាប់អង់គ្លេស វាជាលើកទីមួយហើយដែលពួកគេត្រូវលេងក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ចាប់តាំងពីការឈ្នះពានពិភពលោកនេះ កាលពីឆ្នាំ 1966 ជាមួយនឹងក្រុមឈុតធំ។ Solanke និង Lookman កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះសម្រាប់ក្រុមអង់គ្លេស ដែលមិនធ្លាប់បានទទួលជ័យជម្នះសោះក្នុងយុទ្ធនាការនេះ ចាប់តាំងពីឆ្នាំ 1997 មក។ គួររំឭកដែរថា ក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមជម្រើសជាតិអង់គ្លេស បានផ្តួលក្រុមយុវជនរបស់អាហ្សង់ទីន និងក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ក្នុងការប្រកួតវគ្គចែកពូល នៅមុនពេលទម្លាក់ក្រុមជម្រើសជាតិកូស្តារីកា និងម៉ិកស៊ិក ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដោយឡែក ក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ក៏បានបង្ហាញពីទម្រង់លេងដ៏រឹងមាំផងដែរ ដោយពួកគេបានផ្តួលទាំងក្រុមជប៉ុន និងសហរដ្ឋអាមេរិក នៅនាទីបន្ថែម 15នាទីពីរដង វគ្គ 16ក្រុម និង 8ក្រុមចុងក្រោយ នៅមុនពេលយកឈ្នះលើក្រុមអ៊ុយរូហ្គាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕
ប្រភពពី៖ Sport24

Advertisement