Ronaldo ជួយឲ្យព័រទុយហ្គាល់ឈ្នះ ខណៈបារាំង ចាញ់ស៊ុយអែតយ៉ាងនឹកស្មានមិនដល់

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានធ្វើឲ្យយុទ្ធនាការនៃការប្រជែងយកសិទ្ធិជាស្វ័យប្រវត្តិទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយក្នុងប្រទេសរុស្ស៊ី របស់ពួកគេមានភាពស្មុគស្មាញ ក្រោយពីបានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុមជម្រើសជាតិស៊ុយអែត កាលពីថ្ងៃសុក្រ។

ក្រុមជម្រើសជាតិស៊ុយអែត ដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់នេះ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Ola Toivonen នៅនាទីបន្ថែម ក្រោយពីការទាត់បាល់ចេញមិនបានល្អរបស់អ្នកចាំទីអន្តរជាតិបារាំង Hugo Lloris។ គ្រាប់បាល់ឈ្នះនេះ បានធ្វើឲ្យអ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះក្នុងទីក្រុង Stockholm ធ្វើការអបអរសាទរយ៉ាងខ្លាំងក្លា ហើយកាន់តែសំខាន់ទៅទៀតនោះគឺថា គ្រាប់បាល់នេះបានជួយឲ្យក្រុមជម្រើសជាតិស៊ុយអែត មាន 13ពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិបារាំង ខណៈដែលនៅសល់ការប្រកួតតែ4លើកទៀតប៉ុណ្ណោះ។

មានតែក្រុមឈរលេខ1នៅលើតារាងពូលប៉ុណ្ណោះ ដែលមានសិទ្ធិឈ្នះកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី ខណៈក្រុមលេខ2 ដែលមានពិន្ទុល្អជាងគេបំផុតចំនួន8 ក្រុម នឹងត្រូវធ្វើការប្រកួតវគ្គ Playoff។ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បច្ចុប្បន្ននឹងត្រូវលេងការប្រកួតដ៏សំខាន់នាថ្ងៃទី31 ខែសីហា ជាមួយនឹងក្រុមជម្រើសជាតិហូឡង់ ដែលកំពុងតែដេញតាមពីក្រោយ ក្រោយពីពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិលុចសំបួ ក្នុងលទ្ធផល 5-0។

ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-0 លើក្រុមជម្រើសជាតិឡេតូនី កាលពីថ្ងៃសុក្រ៕
ប្រភពព័ត៌មាន៖ Sports.yahoo

Advertisement