Man United ​ចុះ​ហត្ថ​លេខា​ជាមួយ​ Lindelof មកពី Benfica

ក្លិប​​បិសាច​ក្រហម Manchester United បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​​គ្នា​មួយ​ដើម្បី​​​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ស៊ុយ​អែត Victor Lindelof ពី​ក្លិប Benfica ក្នុង​តម្លៃ​ខ្លួន ​30.7​លាន​ផោន (ស្មើ​នឹង​ 39​លាន​ដុល្លារ​អាមេ​រិក)​។

ក្រោយ​ពី​បាន​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការ​ឈ្នះ​ពាន Europa League ដើម្បី​បន្ថែម​ទៅ​​លើ​ពាន EFL Cup និង Community Shield របស់​ពួក​គេ ទើបការ​​ផ្តោត​អារម្មណ៍​ផ្សេង​ៗ​របស់ក្រុម Man United បាន​ធ្លាក់​ទៅ​លើ​ការ​ពង្រឹង​ក្រុម​​របស់​ខ្លួន​ភ្លាម​ៗ​។  ខ្សែ​ការ​ពារ​កណ្តាល​រូប​នេះបច្ចុប្បន្ន​នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​​ដំបូង​គេ​របស់​លោក Jose Mourinho នៅ​រដូវ​ក្តៅ​នេះ ក្រោយ​ពី Man United បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​​ជាមួយ​នឹង​​ក្រុម​ម្ចាស់​ជើង​ឯក​ព័​រទុយ​ហ្គាល់ Benfica​។

ក្លិប Man United របស់​ក្រប​ខ័ណ្ឌ Premier League បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​លើ​គេហ​ទំ​ព័រ​ផ្លូវ​ការ​​របស់​ខ្លួន​ថា៖ «ក្លិប Manchester United ពិត​ជា​រីក​រាយ​ណាស់​​ក្នុង​ការ​ប្រកាស​ថា យើង​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​ជា​មួយ​នឹង​ក្លិប Benfica ដើម្បី​នាំ​យក Victor Lindelof ខណៈ​ដែល​​ការ​ផ្ទេរ​នេះ​នឹង​ត្រូវ​បំពេញ​ក្រោយ​ពី​ការ​ត្រួត​ពិនិត្យ​សុខ​ភាព ការ​ជម្រះ​បញ្ហា​អន្តរ​ជាតិ និង​​ការ​ព្រម​ព្រៀង​​លើ​លក្ខ​ខណ្ឌ​ផ្ទាល់​ខ្លួន​ផ្សេង​ៗរួច​»​។ ក្លិប​បិសាច​ក្រហម​មួយ​នេះ បានបន្ថែម​ទៀត​ថា៖ «សេចក្តី​ប្រកាស​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅពេល​ដែល​ការ​ផ្ទេរ​នេះបំពេញ​ជា​ផ្លូវ​ការ​»​។ Lindelof បាន​អភិវឌ្ឍ​ខ្លួនចេញ​ពីក្រុម​យុវ​ជន​របស់ Benfica មុន​នឹង​ចូល​លេង​ក្នុង​ក្រុម​ឈុត​​ធំ​ចាប់​ពី​ឆ្នាំ​ 2013 ដោយ​បាន​បង្ហាញ​ខ្លួន​សរុប​ 48​លើក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​៕

ប្រភព​ពី៖ The Guardian

Advertisement