Calvert-Lewin រក​គ្រាប់​បាល់​ឈ្នះឱ្យ Young Lions លើក​ពាន U20 World Cup

Dominic Calvert-Lewin បាន​ក្លាយ​ជា​វី​របុរស​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស អាយុក្រោម​2០​ឆ្នាំ ខណៈ​ដែល​ក្រុម​មាន​រហស្ស​នាម​ថា Young Lions មួយ​នេះ បាន​​ឈ្នះពាន Under-20 World Cup ក្រោយ​ពី​បាន​​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្នុង​លទ្ធ​ផល 1-០ ក្នុង​ទីក្រុង Suwon ប្រទេស​កូរ៉េ​ខាង​​ត្បូង កាល​ពី​ថ្ងៃ​អាទិត្យ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​នាទីទី​35របស់​ខ្សែ​ប្រយុទ្ធ​នៃក្លិប Everton រូប​នេះ បាន​​ជួយ​ឲ្យ​អង់គ្លេស​ឈ្នះ​ពាន​ពិភព​លោក​ជា​លើក​ទី​1 បើ​គិត​ចាប់​​តាំង​ពី​ឆ្នាំ​1966 មក ប៉ុន្តែក្រុម​​របស់​លោក Paul Simpson ក៏​ត្រូវ​តែ​ដឹង​គុណ​​អ្នក​ចាំ​ទី Freddie Woodman ផង​ដែរ ក្រោយ​ពី​រូប​គេ​បាន​សង្គ្រោះ​បាល់​ប៉េ​ណាល់​ទី​1​គ្រាប់​ក្នុង​​តង់​ទី​2​។ ប្រធាន​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស Lewis Cook ដែល​លេង​ឲ្យ​ក្លិប Bournemouth របស់​​ក្រប​ខ័ណ្ឌ Premier League នោះ បាន​ទទួល​ពាន World Cup ពី​​លោក Gianni Infantino ដែល​ជា​​ប្រធាន​របស់ FIFA នៅមុន​ពេល​លើក​ពាន​នោះ​​​ទៅ​លើ​ក្បាល​របស់​​គេ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​​អប​អរ​​​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម​2០​ឆ្នាំនេះ។ ក្រោយ​ពី​បាន​ជួយ​ឲ្យ​អង់​គ្លេស​លើក​ពាន World Cup ជា​លើក​ទី​1​ក្នុង​រយៈ​ពេល​51​ឆ្នាំ Calvert-Lewin វ័យ​2០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​អាច​រៀប​រាប់​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​នៅ​ពេល​នេះបាន​ឡើយ​។ ខ្ញុំ​​ពិត​ជា​រំភើប​ណាស់ ប៉ុន្តែ និយាយ​ឲ្យ​ត្រង់​ទៅ ពាក្យ​ពេចន៍​មិន​អាច​រៀប​រាប់​បាន​ឡើយ​»​​។ លោក Simpson គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​ត្រូវ​តែ​​ខិត​ខំ​ព្យា​យាម​ក្នុង​តង់​ទី​2 ក្រុម​ជម្រើស​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​​ដាក់​សម្ពាធ​មក​លើយើង​​យ៉ាង​ខ្លាំង​ ប៉ុន្តែកីឡាករយើង​បាន​ការ​ពារ​យ៉ាងល្អ​​។ នៅ​ពេល​បញ្ចប់​ការ​ប្រកួត ក្រោយ​ពី​អាជ្ញា​កណ្តាល​បាន​ផ្តុំ​កញ្ចែ យើង​បាន​ដឹងថា យើង​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​។

ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នៅ​ថ្ងៃដដែល​នោះ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​តាលី បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីកាត់​សេចក្តី ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​3​ប្រចាំ​ព្រឹត្តិ​ការណ៍ U20 World Cup នេះផងដែរ​៕

ប្រភព​ពី៖ The Sun

Advertisement