អេស្ប៉ាញ និងអ៊ីតាលី រក្សាការដេញតាមគ្នាយ៉ាងប្រកៀក ក្រោយពីឈ្នះរៀងៗខ្លួន

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានរក្សាការមានពិន្ទុស្មើជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នៅលើកំពូលតារាងនៃពូល G ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុមជម្រើសជាតិម៉ាសេដ្វាន ក្នុងការប្រកួតជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប កាលពីថ្ងៃ អាទិត្យ ខណៈដែលខ្សែប្រយុទ្ធ Diego Costa របស់ក្លិប Chelsea ជាអ្នករកបានគ្រាប់បាល់ឈ្នះនោះ។

ក្រុមភ្ញៀវមួយនេះ បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី15 ខណៈដែលខ្សែបម្រើ David Silva បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោមការលេងដ៏ស៊ីចង្វាក់គ្នាយ៉ាងល្អពីសំណាក់កីឡាករ Andres Iniesta និង Jordi Alba។ បន្ទាប់មក Costa បានបន្ថែម1គ្រាប់ទៀត ក្រោយពីការបញ្ជូនបាល់យ៉ាងល្អរបស់ Isco ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ 2-0 នៅមុនពេលឈានដល់នាទីទី6០ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករ Stefan Ristovski បានជួយឲ្យក្រុមម្ចាស់ផ្ទះស្រោចស្រង់បាន1គ្រាប់វិញ។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ីតាលី បានរក្សាការដេញតាមពីក្រោយក្រុមអេស្ប៉ាញ ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ2010 ខណៈដែលពួកគេបានទទួលជ័យជម្នះដោយងាយក្នុងលទ្ធផល 5-០ លើក្រុមជម្រើសជាតិលិចតិនស្តាញ ក្នុងទីក្រុង Udine។

កីឡាករ Lorenzo Insigne, Andrea Belotti, Eder, Federico Bernardeschi និង Manolo Gabbiadini សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមអ៊ីតាលី ដែលនឹងត្រូវធ្វើដំណើរទៅជួបក្រុមអេស្ប៉ាញ នៅខែកញ្ញា ខាងមុខនេះ។
សម្រាប់ក្នុងការប្រកួតពូល I ឯនោះវិញ ក្រុមចំនួន4កំពុងតែដេញតាមពីក្រោយគ្នាត្រឹមតែ2ពិន្ទុប៉ុណ្ណោះ ក្រោយពីក្រុមកំពុងនាំមុខគឺក្រូអាស៊ី បានរងបរាជ័យក្នុងលទ្ធផល 1-០ នៅលើទឹកដីក្រុមជម្រើសជាតិអ៊ីស្លង់ ក្រោយពីកីឡាករ Hordur Magnusson បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅជិតបញ្ចប់ការប្រកួត។ បច្ចុប្បន្នក្រុមជម្រើសជាតិអេស្ប៉ាញ និងអ៊ីតាលី មាន16ពិន្ទុដូចគ្នា ក្រោយពីការប្រកួត6លើកតែអេស្ប៉ាញ នាំមុខដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង៕
ប្រភពពី៖ worldsoccertalk

Advertisement