លោក Capello ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិបចិន Jiangsu Suning

លោក Fabio Capello អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស រុស្ស៊ី និងក្លិប Real Madrid កាលពីថ្ងៃអាទិត្យ ត្រូវបានតែងតាំងជាគ្រូបង្វឹកដើម្បីដឹកនាំក្លិប Jiangsu Suning ខណៈដែលនេះគឺជាការចុះហត្ថលេខាជាមួយនឹងគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ល្បីបំផុតក្នុងក្របខ័ណ្ឌលីករបស់ប្រទេសចិន។

ក្លិប Jiangsu Suning បានប្រកាសថា គ្រូបង្វឹកបង្គោលសញ្ជាតិអ៊ីតាលីរូបនេះ នឹងនាំយកគំនិត និងវិធីសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដើម្បីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងទីក្រុង Jiangsu និងកីឡាបាល់ទាត់របស់ចិន។ លោក Capello ជាបុរសដែលល្បីល្បាញចុងក្រោយគេបំផុតដែលបានផ្ទេរទៅចិន ក្រោយពីមានការចូលរួមពីសំណាក់កីឡាករឆ្នើមៗដូចជា ខណៈដែល Ezequiel Lavezzi និង Carlos Tevez និងបានក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីពួកគេបានបំពេញការផ្ទេរទៅកាន់ក្របខ័ណ្ឌ Super League របស់ចិន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ក្របខ័ណ្ឌរបស់ចិនបានបំបែកកំណត់ត្រារបស់អាស៊ីនៃការទិញចូលកីឡាករថ្មីចំនួន5លើកក្នុងរយៈពេលត្រឹមតែ12ខែប៉ុណ្ណោះ។
Jiangsu Suning បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីនាំយកកីឡាករឆ្នើមៗដូចជា Ramires និង Alex Teixeira។ ប៉ុន្តែ ក្រោយពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League លោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញភ្លាមៗ។

លោក Capello វ័យ7០ឆ្នាំ ដែលធ្លាប់ឈ្នះពានក្របខ័ណ្ឌ Serie A 5លើក ដោយ4លើកនៅជាមួយនឹងក្លិប AC Milan និង1លើកជាមួយនឹងក្លិប Roma ហើយគ្រូបង្វឹកចាស់វស្សារូបនេះក៏ធ្លាប់ឈ្នះពាន La Liga ចំនួនពីរលើកជាមួយនឹងក្លិប Real Madrid ផងដែរ៕
ប្រភពពី៖ Reuters

Advertisement