Coutinho និង Souza រំពឹងជួយឲ្យប្រេស៊ីលស្តារមុខមាត់វិញ ពេលប៉ះអូស្ត្រាលី ល្ងាចនេះ

ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Philippe Coutinho នឹងត្រូវដឹកនាំក្នុងតំបន់ប្រយុទ្ធរបស់ប្រេស៊ីល ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងទីក្រុង Melbourne នៅល្ងាចនេះ ខណៈដែលខ្សែប្រយុទ្ធ Diego Souza នឹងត្រូវចូលជំនួសកន្លែងរបស់ Gabriel Jesus ដែលកំពុងសម្រាកព្យាបាលរបួស។

ការរកកីឡាករថ្មីម្នាក់មកជំនួសត្រូវធ្វើឡើងសម្រាប់ Jesus របស់ក្លិប Manchester City ខណៈដែលរូបគេបានវិលទៅផ្ទះវិញ ក្រោយពីរបួសឆ្អឹងរង្វង់ភ្នែក ក្នុងពេលក្រុមជម្រើសជាតិប្រេស៊ីល បានរងបរាជ័យក្នុងលទ្ធផល 1-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន MCG កាលពីថ្ងៃសុក្រ។ វានឹងផ្តល់ឱកាសដល់ Souza ក្នុងការធ្វើឲ្យលោកគ្រូបង្វឹក Tite ចាប់អារម្មណ៍នៅមុនពេលយុទ្ធនាការ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី ហើយនេះក៏ជាឱកាសលើកដំបូងរបស់គេផងដែរ ក្នុងការចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងសម្រាប់ប្រេស៊ីល ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតវគ្គជម្រុះជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ កាលពីដើមឆ្នាំនេះមក។

Souza ដែលលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ សម្រាប់ក្លិប Sport Recife បានឲ្យដឹងថា៖ «សម្រាប់ខ្ញុំ វាពិតជាអស្ចារ្យណាស់ ក្នុងការទទួលបានការកោះហៅ និងមានឱកាសក្នុងការលេង។ វាពិតជាសំខាន់ណាស់ ក្នុងការបង្ហាញពីសមត្ថភាពដ៏ខ្លាំងបំផុតរបស់ខ្ញុំ»។ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឈ្នះកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ នៅឆ្នាំក្រោយរួចជាស្រេចហើយ ខណៈដែលអូស្ត្រាលី បានរក្សាក្តីសង្ឃឹមក្នុងការប្រជែងយកកៅអីជាស្វ័យប្រវត្តិរបស់ពួកគេ តាមរយៈការដណ្តើមយកជ័យជម្នះ 3-2 លើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីក្រុង Adelaide កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ដែលមានចំណាត់ថ្នាក់លេខ1ក្នុងពិភពលោក នឹងមិនមើលស្រាលទៅលើក្រុមជម្រើសជាតិអូស្ត្រាលីឡើយ ខណៈដែលពួកគេកំពុងសម្លឹងរកការស្តារមុខមាត់មួយក្រោយពីការចាញ់របស់ពួកគេក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីនរួចមក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង5:05ល្ងាចថ្ងៃនេះ៕
ប្រភពពី៖ Sport24

Advertisement