អូត​ ភូ​ថង​ បង្ហាត់​ប្រដាល់​ពេលថ្ងៃ​ យាម​ម៉ូតូ​នៅ​បារ​បារាំង​ពេលយប់​

កីឡាករ​ អូត​ ភូ​ថង​ ដែល​ល្បី​ពូកែ​ខាង​ក្បាច់​កែង​នោះ​ ជា​កីឡាករ​ប្រដាល់​ជើងខ្លាំង​មួយ​រូប​ដែល​មាន​រាង​ខ្ពស់ស្រឡះ​ និង​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ដ៏​សាហាវ​បំផុត​ ជាពិសេស​ស្នៀត​កែង​ និង​ជង្គង់​របស់​គេ​ដែល​ជា​អាវុធ​ប្រចាំ​ត្រកូល​ដែល​គូប្រកួត​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។

ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​កិត្តិស័ព្ទ​លើ​សង្វៀន​ប្រដាល់​អស់​មួយ​រយៈ​ ឈ្មោះ​ អូត​ ភូ​ថង​ ជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​ និង​ជា​ប្អូនប្រុស​កំពូល​កីឡាប្រដាល់​ អេ​ ភូ​ថង​ ពេលនេះ​ត្រូវ​បាន​បណ្តាញ​ផ្សព្វផ្សាយ​មួយ​រៀបរាប់​ពី​ជីវិត​ពិត​របស់​កីឡាករ​រូប​នេះ​ដែល​ហាក់ដូចជា​ស្ថិតនៅ​លើ​ខ្សែ​ផ្លូវ​ដ៏​មហា​កម្សត់​មួយ​ មិន​ស័ក្តិសម​នឹង​កិត្តិស័ព្ទ​ដ៏​ល្បីល្បាញ​លើ​វិស័យ​ក្បាច់គុន​ខ្មែរ​សោះ​ឡើយ​ ដោយសារតែ​គេ​ប្រទះឃើញ​លោក​ធ្វើការ​នៅ​ឯបារ​បារាំង​មួយ​កន្លែង​ក្នុង​តួនាទី​ជា​អ្នកយាម​ម៉ូតូ​ឱ្យ​គេ​តាំងពី​ម៉ោង​ 10យប់​ រហូតដល់​ម៉ោង​ 5ព្រឹក​ និង​ទទួល​បាន​ប្រាក់ខែ​ត្រឹម​ 150ដុល្លារ​តែប៉ុណ្ណោះ​។

អ្នកប្រដាល់​កែង​ឆេះ​បាន​បាន​រៀបរាប់​យ៉ាង​ស្ងប់ស្ងាត់​ថា​«សព្វថ្ងៃ​នេះ​ខ្ញុំ​មានបើ​កក្លិប​មួយ​ទទួល​សិស្ស​បង្ហាត់​ប្រដាល់​នៅកន្លែង​របស់​បងធម៌​របស់ខ្ញុំ​ដែល​ជា​ក្លិប​ប្រដាល់​ និង​ទទួល​បង្ហាត់​សិស្ស​ដែល​ចង់​ចេះ​ក្បាច់គុន​បុរាណ​ខ្មែរ​ មានឈ្មោះ​ថា​ KunKhmer​ Fighter​»។ បណ្ដាញ​ផ្សព្វផ្សាយ​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ ក្រៅពី​ធ្វើការ​បង្ហាត់​សិស្ស​នៅ​ក្លិប​របស់​បងធម៌​របស់​លោក​បាន​កម្រៃ​ខ្លះ​មែន​ក្ដី​ តែ​ជីវិត​អ្នកប្រដាល់​របស់​ អូត​ ភូ​ថង​ ក៏​នៅតែ​ឡើង​ប្រដាល់​ជាមួយ​គូប្រកួត​បរទេស​ម្តងម្កាល​ដែរ​ ដោយ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ 1លាន​រៀល​ ហើយ​ប្រសិនបើ​មិនបាន​ឡើង​វាយ​ទេ​ ក៏​មិនបាន​ប្រាក់​ដែរ​៕

Advertisement