សន្តិសុខត្រូវបានរឹតបន្តឹង ខណៈ PSG រំពឹងផ្តួល Monaco នៅរាត្រីនេះ

បើ​យោង​ទៅ​តាម​មន្ត្រី​ប៉ូលិស​នៅ​ថ្ងៃ​អង្គារ​នេះ សន្តិ​សុខ​នឹង​ត្រូវ​រឹត​បន្តឹង ខណៈ​ដែលក្រុម​ម្ចាស់​ផ្ទះ Paris Saint-Germain នឹង​សម្លឹង​រក​ការ​ដ​ណ្តើម​យក​ជ័យ​ជម្នះ​លើ​ក្រុម Monaco ម្តង​ទៀត​ ក្នុង​ការ​ប្រកួត​ពាន French Cup វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

វិធាន​ការ​អង្កេត​យ៉ាង​ពិសេស នឹង​ត្រូវ​អនុ​វត្ត​​នៅ​ជុំ​វិញ​​កីឡដ្ឋាន Parc des Princes របស់​ក្រុម PSG ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​បន្ថែម​ការ​​ត្រួត​ពិនិត្យ​​ពិសេស​បន្ថែម​​លើ​ផ្នែក​សន្តិ​សុខ​សម្រាប់​អ្នក​ថ្មើរ​ជើង និង​រថ​យន្ត​ផងដែរ​​។ ការ​រឹត​បន្តឹង​នេះ​កើត​​ឡើង ក្នុង​រយៈ​ពេល​​​តិ​ច​ជាង​១​សប្តាហ៍ បើ​គិត​ចាប់​តាំង​ពី​ប៉ូលិស​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​បែប​ភេវ​រ​កម្ម​មួយ​​ក្នុង​ទីក្រុង​ប៉ា​រីស​។ PSG បាន​បំ​បាក់​ក្រុម Monaco យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៤-១ កាល​ពី​ដើម​ខែ​មេ​សា​នេះ ដើម្បី​​ឈ្នះ​ពាន​ League Cup របស់​បារាំង ហើយ​ស្រប​ពេល​ដែល​ក្រុម Monaco ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​ការ​ប្រកួត​ពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប និង​ Ligue 1 ក្រុម PSG របស់​លោក Unai Emery នឹង​​មាន​ឱកាស​ដ៏​ល្អ​ម្តង​ទៀត​​ក្នុង​ការ​ប្រកួត​ពាន French Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រី​នេះ​​។

ខ្សែ​បម្រើ​ស្លាប Angel Di Maria​ របស់ PSG បាន​បង្ហាញ​​ទម្រង់​លេង​យ៉ាងល្អ​សម្រាប់​ឆ្នាំ​២០១៧ ខណៈ​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូប​នេះ​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៧​គ្រាប់​ក្នុង​ការ​ប្រកួត​១៨​លើក បើ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ​។ ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូប​នេះ ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​១​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​ខ្លួន​រក​បាន​២​គ្រាប់​ផ្សេង​​ទៀត​ក្នុង​ជំនួប​រវាងក្រុម​ទាំ​ងពីរ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេ​សា​នោះ បានប្រាប់​គេហ​ទំ​ព័រ​របស់ PSG ថា៖ «អំឡុង​ការ​ប្រកួត​ពាន​ League Cup វគ្គ​ផ្តាច់​ព្រ័ត្រ យើង​មាន​ភាព​ខ្លាំង​១០០​ភាគ​រយ​។ យើង​​បាន​លេង​ការ​ប្រកួ​​ត​ដ៏ល្អ​ឥត​ខ្ចោះ ហើយ​វា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​»​។ Di Maria បាន​បន្ថែម​ទៀត​ថា៖ ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Monaco ក្នុង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ យើង​ត្រូវ​តែ​បង្ហាញពី​ទម្រង់​លេង​ដ៏ល្អ​ឥត​ខ្ចោះ​នោះ​ម្តង​ទៀត​។ ការ​ប្រកួត​នេះ​​នឹង​ចាប់​ផ្តើម​នៅម៉ោង ​២:០៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​៣​លើក​ចុង​ក្រោយរ​វាងក្រុម​ទាំង​ពីរ

02.04.17          Monaco 1-4 Paris SG

30.01.17          Paris SG 1-1 Monaco

29.08.16          Monaco 3-1 Paris SG

Advertisement