ស៊ីលី ផ្តួល ព័រទុយហ្គាល់ ដោយបាល់ប៉េណាល់ទីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Confed Cup

អ្នកចាំទី Claudio Bravo បានក្លាយជាវីរបុរសនៃក្រុមបាល់ទាត់ជម្រើសជាតិស៊ីលី កាលពីថ្ងៃពុធ ខណៈដែលពួកគេបានផ្តួលក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងលទ្ធផល 3-0 ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងការប្រកួតព្រឹត្តិការណ៍ Confederations Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកចាំទីរបស់ក្លិប Manchester City រូបនេះបានសង្គ្រោះការស៊ុតបាល់ប៉េណាល់ទី3គ្រាប់ពីសំណាក់កីឡាករ3រូបគឺ Ricardo Quaresma, Joao Moutinho និង Nani របស់ក្រុមព័រទុយហ្គាល់ ខណៈដែលខ្សែបម្រើ Arturo Vidal, Charles Aranguiz និង Alexis Sanchez សុទ្ធសឹងបានស៊ុតបាល់បំប៉ោងសំណាញ់ទីពីចំណុច11ម៉ែត្រទាំងអស់សម្រាប់ក្រុមស៊ីលីម្ចាស់ជើងឯកអាមេរិកខាងជើងរបស់ពួកគេ។

Bravo វ័យ34ឆ្នាំ បានធ្វើការព្រមានថា៖ «យើងពិតជាពេញចិត្តជាមួយនឹងលទ្ធផលនេះខ្លាំងណាស់ជាមួយរបៀបដែលយើងបានលេង ប៉ុន្តែយើងមិនទាន់ឈ្នះបានអ្វីនៅឡើយទេ»។ ក្រុមជម្រើសជាតិស៊ីលីនឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង St Petersburg ប្រទេសរុស្ស៊ីនាថ្ងៃអាទិត្យនេះ ដើម្បីជួបជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ីក ឬអាល្លឺម៉ង់ ដែលនឹងត្រូវជួបប្រកួតគ្នានៅយប់ថ្ងៃព្រហស្បតិ៍នេះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតក្នុងទីក្រុង Sochi។

លោក Juan Antonio Pizzi គ្រូបង្វឹករបស់ក្រុមជម្រើសជាតិស៊ីលី បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះក្រុមរបស់យើងនេះ។ Claudio បានសង្គ្រោះបាល់ល្អៗជាច្រើន ដើម្បីជួយឲ្យឈ្នះការប្រកួតនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «រូបគេមានសមត្ថភាពក្នុងការព្យាករថា កីឡាករណារបស់ពួកគេនឹងស៊ុតបាល់ប៉េណាល់ទី។ ពេលនេះ វាមិនមានបញ្ហាទៅលើថាក្រុមណាដែលយើងនឹងត្រូវជួបនោះឡើយ។ យើងត្រូវតែត្រៀមឲ្យរួចរាល់សម្រាប់វគ្គផ្តាច់ព្រ័ត្រ»។

ការបរាជ័យលើកនេះធ្វើឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់នៅសល់តែឱកាសក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ3ប៉ុណ្ណោះក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យនេះ៕
ប្រភពពី៖ Sport24

Advertisement