Iborra យល់ព្រមចូលរួមជាមួយនឹងក្លិប Leicester ពីក្លិប Sevilla

ក្លិប Sevilla នឹងត្រូវបាត់បង់ប្រធានក្រុម Vicente Iborra ដោយសារតែក្លិប Leicester City ក្រោយពីក្លិបរបស់អេស្ប៉ាញមួយនេះ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានយល់ព្រមលក់ខ្សែបម្រើរូបទៅនេះ ទៅឲ្យ Leicester ក្នុងតម្លៃខ្លួន១៤លានអឺរ៉ូ (ស្មើនឹង១៦លានដុល្លារអាមេរិក)។ Iborra វ័យ២៩ឆ្នាំ បានចំណាយពេល៤ឆ្នាំជាំមួយនឹងក្លិប Sevilla ចាប់តាំងពីផ្ទេរមកពីក្លិប Levante កាលពីឆ្នាំ២០១៣ ដោយបានស៊ុតបាល់បញ្ចូលទី៣០គ្រាប់ក្នុងការបង្ហាញខ្លួន១៧២លើក និងបានឈ្នះពាន Europa League ចំនួន៣លើកជាប់ៗគ្នា ហើយរូបគេក៏បានចូលរួមលេងក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹង Sevilla ក្នុងយុទ្ធនាការ២លើកចុងក្រោយផងដែរ។

ក្លិបអេស្ប៉ាញមួយនេះ បានបញ្ជាក់ថា Iborra នឹងធ្វើដំណើរទៅកាន់ក្លិប Leicester ដើម្បីត្រួតពិនិត្យសុខភាព នៅមុនពេលចុះហត្ថលេខាលើកុងត្រារបស់គេ និងវិលទៅកាន់ Sevilla វិញ ដើម្បីនិយាយថា លាហើយទៅកាន់អ្នកគាំទ្ររបស់គេ។ Sevilla បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Iborra បានបង្ហាញពីឥរិយាបថជាគំរូមក្នុងពេលរូបគេចំណាយពេលនៅក្លិបនេះ និងបានទទួលបានការគោរពជាឯកច្ឆន្ទ និងក្តីស្រឡាញ់ពីរាល់អ្នកគាំទ្ររបស់ក្លិប Sevilla ទាំងអស់»។ ក្លិប Sevilla បានបន្ថែមទៀតថា៖ «ការសម្រេចបានសមិទ្ធផលរបស់គេជាមួយនឹងក្លិបនេះ ពិតជាធំធេងណាស់ ប៉ុន្តែ រូបគេក៏នឹងត្រូវគេចងចាំទៅលើភាពជាអ្នកដឹកនាំរបស់គេទាំងនៅលើ និងក្រៅទីលានផងដែរ»៕
ប្រភពពី៖ Sport24

Advertisement