Lacazette ពិនិត្យសុខភាពរួចរាល់មុនពេលផ្ទេរទៅ Arsenal

ខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្លិប Lyon បានបំពេញការពិនិត្យសុខភាពរួចរាល់ជាផ្លូវការ ហើយនៅឯក្លិប Arsenal មុនពេលបំពេញការផ្ទេរមួយទៅកាន់ក្លិបក្នុងទីក្រុងឡុងដ៍មួយនេះក្នុងតម្លៃខ្លួនដែលអាចកើនដល់52លានផោន (ស្មើនឹង67.3លានដុល្លារអាមេរិក)។
ក្លិបកាំភ្លើងធំមួយនេះបានរងនូវការច្រានចោលសម្រាប់ការដេញថ្លៃទិញ Lacazette ជាលើកទី1 ប៉ុន្តែការពិភាក្សាផ្សេងៗបានបន្តធ្វើឡើងទៀត។ តម្លៃខ្លួនរបស់គេដែលអាចកើនដល់52លានផោន បើបូកថែមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះនឹងបំបែកកំណត់ត្រាលើតម្លៃខ្លួនក្នុងទឹកប្រាក់42.4លានផោនដែលក្លិប Arsenal ធ្លាប់បានចំណាយទិញខ្សែបម្រើ Mesut Ozil កាលពីឆ្នាំ2013 ពីក្លិប Real Madrid។ Lacazette គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី2ក្នុងក្របខ័ណ្ឌកំពូលបារាំង Ligue 1 កាលពីរដូវកាលមុន ក្រោយពីរកបាន28គ្រាប់។ រូបគេបានស៊ុតបាល់បញ្ចូលទីសរុប129គ្រាប់ ក្នុងការប្រកួត275លើក គឺរាល់យុទ្ធនាការទាំងអស់ចាប់តាំងពីចូលលេងក្នុងក្រុមឈុតធំក្នុងរដូវកាលឆ្នាំ2009-2010។ គ្រាប់បាល់សរុបក្នុងការប្រកួតលីករបស់គេកាលពីរដូវកាលមុន គឺដេញតាមពីក្រោយតែខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Paris St-Germain មួយប៉ុណ្ណោះ ក្រោយពី Cavani រកបាន35គ្រាប់។


Lacazette ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន11លើកសម្រាប់ក្រុមជម្រើសជាតិបារាំង ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបជាច្រើន និងស្ទើរតែបានចូលរួមជាមួយនឹងក្លិប Atletico Madrid ទៅហើយ មុនពេលក្លិបរបស់អេស្ប៉ាញមួយនេះត្រូវបានជាប់ពិន័យព្យួរមិនឲ្យដោះដូរកីឡាករដោយតុលាការអាជ្ញាកណ្តាលកីឡា។ ខ្សែការពារស្លាបឆ្វេង Sead Kolasinac ដែលបានផ្ទេរមកពីក្លិប Schalke គឺជាកីឡាករចំណូលថ្មីដំបូងគេរបស់ Arsenal ចាប់តាំងពីបញ្ចប់រដូវកាលមុនរួចមក៕
ប្រភពពី៖ BBC

Advertisement