Man United នឹងបង្កើនសំណើដេញថ្លៃ 75លានអឺរ៉ូដើម្បីទិញ Morata ពី Real

 

ក្លិបបិសាចក្រហម Manchester United នឹងត្រូវបង្កើនសំណើដេញថ្លៃរបស់ខ្លួនក្នុងទឹកប្រាក់ 75លានអឺរ៉ូ (ស្មើនឹង85លានដុល្លារអាមេរិក) ទៅឲ្យក្លិប Real Madrid ដើម្បីទិញខ្សែប្រយុទ្ធ Alvaro Morata ខណៈដែលលោក Jose Mourinho បោះជំហានឆ្ពោះទៅកាន់ការស្វែងរកអ្នកជំនួសខ្សែប្រយុទ្ធ Zlatan Ibrahimovic នៅរដូវកាលក្រោយ។

ការចរចាផ្សេងៗជាមួយនឹង Real បានដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែល Man United បានទទួលរងការច្រានចោលនូវសំណើរបស់ខ្លួនពីរលើកមកហើយ ពោលគឺក្នុងទឹកប្រាក់ 60លានអឺរ៉ូ និង 70លានអឺរ៉ូជាបន្តបន្ទាប់កាលពីដើមខែមិថុនា ខណៈដែលក្រុមម្ចាស់ជើងឯក Champions League បានដាក់តម្លៃខ្លួនលើ Morata ក្នុងទឹកប្រាក់ច្រើនជាង90លានអឺរ៉ូ។

ក្រោយពីចាត់ទុកខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ជាកីឡាករទិញចូលជាសក្តានុពល ដើម្បីបើកចំហទ្វារឲ្យ Wayne Rooney ចាកចេញដើម្បីទៅចូលរួមជាមួយនឹងក្លិប Everton លោក Mourinho ត្រូវបានគេយល់ឃើញថា បានខកចិត្តដោយសារតែការមិនសូវបានទិញចូលកីឡាករថ្មី ក្រោយពី Man Utd បានបំពេញការផ្ទេរតែជាមួយខ្សែការពារ Victor Lindelof ម្នាក់គត់ពីក្លិប Benfica ក្នុងតម្លៃខ្លួន30លានផោន។

Man United នឹងត្រូវធ្វើដំណើរដើម្បីធ្វើការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅលើទឹកដីអាមេរិក នាថ្ងៃអាទិត្យនេះ ហើយលោក Mourinho សញ្ជាតិព័រទុយហ្គាល់ ពោរពេញដោយការជឿជាក់ថា ការផ្ទេរ Morata អាចត្រូវបានបំពេញឲ្យទាន់ពេលរូបគេអាចចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេបាន៕
ប្រភពពី៖ The Guardian

Advertisement