Wolves ប្រកាសពីការនាំយក Neves ខណៈ Huddersfield បំពញការផ្ទេរ Mounie

ក្លិប Wolves នឹងត្រូវបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Ruben Neves ពីក្លិប Porto ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបគឺ15.8លានផោន (ស្មើនឹង20.5លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមការប្រកាសរបស់លោក Nuno ដែលជាអ្នកចាត់ការទូទៅ។

Neves ដែលបានក្លាយជាប្រធានក្រុមដ៏វ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League នៅពេលដែលរូបគេស្ថិតក្នុងក្លិបរបស់គេក្នុងវ័យ18ឆ្នាំកាលពីខែតុលា ឆ្នាំ2015 ពេលដែលរូបគេបានលេងឲ្យលោក Nuno ក្នុងពេលគ្រូបង្វឹករូបនេះដឹកនាំនៅ Porto កាលពីរដូវកាលមុន។ Neves ត្រូវបានគេជឿជាក់ថា បានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចហើយ។ ស្ថិតក្នុងវ័យ20ឆ្នាំ Neves បានបង្ហាញខ្លួនជាអន្តរជាតិ20លើក និងជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ដែលបានធ្លាក់ចេញត្រឹមវគ្គចែកពូលនៃយុទ្ធនាការ European Under-21 Championship ក្នុងប្រទេសប៉ូឡូញកាលខែមុន។

ក្លិប Wolves ក៏នឹងត្រូវចុះហត្ថលេខាមួយទៀតជាមួយនឹងខ្សែការពារកណ្តាលអន្តរជាតិបារាំង Willy Boly របស់ Porto ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលផងដែរ ជាមួយនឹងជម្រើសក្នុងការទិញយកដាច់ ក្រោយពីពួកគេបានទិញកីឡាករថ្មី4នាក់ដែលរួមមាន Roderick Miranda, Barry Douglas, Ryan Bennett និង Phil Ofosu-Ayeh រួចមក និងក្រោយពីលោក Nuno ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីចុងខែឧសភា។

ស្របពេលជាមួយគ្នានេះដែរ ក្លិប Huddersfield Town បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបេនីន Steve Mounie ពីក្លិប Montpellier។ តម្លៃខ្លួននៃការផ្ទេរនេះមិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែវាត្រូវបានគេប៉ាន់ប្រមាណថា ការផ្ទេរនេះមានតម្លៃខ្លួនប្រហែលជា11.5លានផោន៕
ប្រភពពី៖ The Guardian

Advertisement