Rooney ចេញពីក្លិប Man Utd ទៅ Everton ដោយគ្មានតម្លៃខ្លួន

ខ្សែប្រយុទ្ធ Wayne Rooney របស់ក្លិបបិសាចក្រហម Manchester United នឹងត្រូវវិលទៅកាន់ក្លិបទូកក្តោង Everton វិញ នៅចុងសប្តាហ៍នេះដោយគ្មានតម្លៃខ្លួន។

បើយោងទៅតាមបណ្តាញសារព័ត៌មាន BBC ត្រូវបានគេយល់ឃើញថា ការផ្ទេរនេះកំពុងស្ថិតយ៉ាងប្រកៀកក្នុងការឈានទៅដល់ការបញ្ចប់ ហើយ Rooney វ័យ31ឆ្នាំ ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Goodison ពោលគឺរយៈពេល13ឆ្នាំ ក្រោយពីរូបគេបានចាកចេញដើម្បីទៅចូលរួមជាមួយនឹងក្លិប Man United បើទោះបីមានការចាប់អារម្មណ៍ពីក្លិបផ្សេងក៏ដោយ។ Man United នឹងលើកលែងចំពោះតម្លៃខ្លួន ខណៈដែលនេះអាចជាផ្នែកមួយនៃប្រាក់បៀវត្សរ៍13លានផោនក្នុងមួយឆ្នាំរបស់ Rooney។ រូបគេប្រហែលជាមិនចូលរួមក្នុងក្រុម Man United ដែលត្រូវចេញទៅធ្វើការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះឡើយ។ ជាមួយគ្នានេះ ការផ្ទេរនេះ ក៏មិនជាប់ទាក់ទងនឹងការប្រមាញ់ទិញខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Everton របស់ក្រុម Man United ដែរ។

Rooney បានចុះកុងត្រាថ្មីរយៈពេល4ឆ្នាំកន្លះ អំឡុងពេលនៃយុទ្ធនាការឆ្នាំ2013-2014 ដែលក៏រាប់បញ្ចូលទាំងជម្រើសនៃការបន្តរយៈពេល1ឆ្នាំទៀតផងដែរ ប៉ុន្តែ ក្លិប Man United មិនមានបំណងប្រើប្រាស់លក្ខខណ្ឌនេះឡើយ។ អនាគតរបស់ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ដែលបានចូលលេងក្នុងជម្រើសដំបូងនៃក្របខ័ណ្ឌ Premier League ត្រឹមតែ15លើកគត់កាលពីរដូវកាលមុននោះ បានក្លាយជាប្រធានបទនៃពាក្យចរចាមអារ៉ាមផ្សេងៗអស់រយៈពេលជាច្រើនខែមកហើយ៕
ប្រភពព័ត៌មាន៖ BBC

Advertisement