Rooney ចេញពី Man United វិលទៅកាន់ក្លិប Everton វិញ

ខ្សែប្រយុទ្ធ Wayne Rooney ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លិបបិសាចក្រហម Manchester United បានបំពេញការផ្ទេររបស់គេទៅកាន់ក្លិបកាលពីកុមារភាពរបស់គេគឺ Everton វិញ កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការលើកឡើងផ្សេងៗអំពីអនាគតរបស់គេ។

Rooney បានចុះហត្ថលេខារយៈពេល២ឆ្នាំជាមួយនឹងក្លិបទូកក្តោង Everton សម្រាប់តម្លៃខ្លួនបិទជិតមួយ ដើម្បីបញ្ចប់រយៈពេល13របស់គេនៅកីឡដ្ឋាន Old Trafford និងដើម្បីវិលទៅកាន់ក្លិប Everton វិញ ក្រោយពីរូបគេបានចាកចេញកាលពីឆ្នាំ2004។ Rooney បានសរសេរនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការវិលទៅកាន់ក្លិបកីឡាបាល់ទាត់ Everton វិញ។ ខ្ញុំពិតជាស្រេកឃ្លានក្នុងការជួបជាមួយនឹងលោក Ronald Koeman និងកីឡាករផ្សេងៗទៀត»។ លោក Koeman ដែលជាអ្នកចាត់ការទូទៅរបស់ Everton បានឲ្យដឹងថា៖ «Wayne បានបង្ហាញឲ្យខ្ញុំឃើញពីមហិច្ឆតាដែលយើងត្រូវការ និងស្មារតីនៃការទទួលជ័យជម្នះ។ រូបគេដឹងពីរបៀបនៃការឈ្នះពាន ហើយខ្ញុំពិតជារីករាយណាស់ដែលរូបគេបានសម្រេចចិត្តក្នុងការវិលត្រឡប់មកផ្ទះវិញ។

រូបគេស្រឡាញ់ក្លិប Everton ហើយរូបគេពិតជាសង្ឃឹមក្នុងការវិលត្រឡប់មកវិញ។ រូបគេកំពុងតែស្ថិតក្នុងវ័យ31ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំពិតជាមិនមានការសង្ស័យទៅលើគុណភាពរបស់គេឡើយ។ វាពិតជាអស្ចារ្យណាស់ដែលរូបគេមកទីនេះ»។

Rooney បានចាកចេញ ក្រោយពីបានស៊ុតបាល់បញ្ចូលទី253គ្រាប់ ក្នុងការបង្ហាញខ្លួន559លើកសម្រាប់ក្រុមបិសាចក្រហម ហើយរូបគេបានឈ្នះពានក្របខ័ណ្ឌ Premier League 5លើក និងបានលើកពានក្នុងក្របខ័ណ្ឌ Europa League, Champions League និង FA Cup ទៀតផង៕
ប្រភពព័ត៌មាន៖ Sport24

Advertisement