ទីបំផុត! សុបិនរបស់ Lukaku បានក្លាយជាការពិត ក្រោយពីបានបំពេញការផ្ទេរទៅ Man United

ខ្សែប្រយុទ្ធ Romelu Lukaku បានទទួលស្គាល់ថា រូបគេមិនអាចច្រានចោលឱកាសក្នុងការចូលរួមជាមួយនឹងក្លិបបិសាចក្រហម Manchester United បានឡើយ។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ បានបំពេញការត្រួតពិនិត្យសុខភាពរបស់គេកាលពីព្រឹកថ្ងៃសៅរ៍រួចហើយ មុននឹងបំពេញការផ្ទេររបស់គេកាលពីថ្ងៃអាទិត្យនេះក្នុងតម្លៃខ្លួន 75លានផោន (ស្មើនឹង 97លានដុល្លារអាមេរិក) ខណៈដែលតម្លៃខ្លួននេះអាចនឹងកើនដល់ 90លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះ។

Lukaku បានច្រានចោលឱកាសក្នុងការវិលទៅកាន់ក្លិប Chelsea ដើម្បីបានទៅចូលរួមលេងក្រោមការដឹកនាំរបស់លោក Jose Mourinho ម្តងទៀតនៅឯកីឡដ្ឋាន Old Trafford ក្រោយពីរូបគេបានផ្ទេរទៅកាន់ក្លិប Everton ក្នុងតម្លៃខ្លួន 28លានផោន។ Lukaku បានប្រាប់ទូរទស្សន៍ ESPN ថា៖ «នេះគឺជាឱកាសមួយដែលខ្ញុំតែងតែចង់បានតាំងពីខ្ញុំនៅវ័យក្មេងម្ល៉េះ»។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «នៅពេលដែល Manchester United បានចូលមកដាក់សំណើ ខ្ញុំមិនចាំបាច់គិតពីរដងឡើយ។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ពួកគេ។ តើនរណាអាចនិយាយថា ទេ ចំពោះក្លិបដ៏ធំបំផុតក្នុងពិភពលោកមួយនេះ? នេះគឺជាឱកាសយ៉ាងល្អឥតខ្ចោះមួយ។ ពួកគេមានកីឡដ្ឋានដ៏ល្អបំផុតនៅអង់គ្លេស និងអ្នកគាំទ្រដ៏ច្រើនបំផុត។ ខ្ញុំបានកំណត់គោលដៅរួចជាស្រេចហើយ ខ្ញុំមិនមើលថយក្រោយឡើយ»។

Lukaku បានបន្ថែមទៀតថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំចង់លេងឲ្យក្រុមមួយដែលប្រជែងដណ្តើមរាល់ពានទាំងអស់ដែលមាន។ ខ្ញុំគិតថា Manchester United ចង់ក្លាយជាក្រុមខ្លាំងដាច់គេ។ នៅពេលនេះ វាដល់ពេលក្នុងការធ្វើការងារយ៉ាងលំបាកហើយ ពោលគឺធ្វើការងារលំបាកជាងកាលពីមុន ហើយខ្ញុំពិតជាចង់ធ្វើបែបនេះខ្លាំងណាស់»៕
ប្រភពពី៖ The Mirror

Advertisement