Cambodia All Stars ត្រៀមប៉ះ Muangthong United ថ្ងៃអាទិត្យនេះ

ក្រុមតារាឆ្នើមៗប្រចាំក្របខ័ណ្ឌលីកកំពូលរបស់កម្ពុជា (Cambodia All Stars) នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ថៃ SCG Muangthong United ក្នុងការប្រកួតមិត្តភាពមួយនាកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានៅថ្ងៃអាទិត្យនេះដែលនឹងចាប់ផ្តើមលេងចាប់ពីម៉ោង៦ល្ងាចតទៅ។

នេះគឺជាឆ្នាំទី2ហើយដែលក្រុម Muangthong United របស់ក្របខ័ណ្ឌថៃ Premier League ធ្វើដំណើរមកប្រកួតជាមួយនឹងក្រុម K Cement Cambodia All Stars ក្រោយពីក្រុមទាំងពីរបានជួបគ្នាលើកទី1កាលពីឆ្នាំ2016 ដែលកាលនោះក្រុមតារាឆ្នើមប្រចាំលីករបស់ក្រុមកម្ពុជា បានធ្វើការវាយបកដើម្បីផ្តួលក្រុមជើងខ្លាំងរបស់ថៃ ក្នុងលទ្ធផល 4-3 នៅមុខអ្នកគាំទ្រដ៏ច្រើនកុះករ។

សម្រាប់ជំនួបមិត្តភាពនៅថ្ងៃអាទិត្យនេះ ដែលត្រូវបានគេរំពឹងទុកថា នឹងមានអ្នកគាំទ្រមកទស្សនាដោយផ្ទាល់ច្រើនជាង 50,000នាក់នោះ រាល់ថវិកាដែលប្រមូលបានពីការលក់សំបុត្រ នឹងយកទៅអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ជាពិសេសកម្រិតកីឡាបាល់ទាត់ថ្នាលទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីពីភាគីទាំងពីរ។

លោក Leonardo Vitorino គ្រូបង្វឹកក្រុម K Cement Cambodia All Stars និងអ្នកចាំទីស៊ូ យ៉ាទី សុទ្ធសឹងបានសន្យាថា នឹងខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព បើទោះបីត្រូវលេងជាមួយនឹងក្រុមខ្លាំង និងប្រជុំដោយតារាឆ្នើមៗដូចជាក្រុម Muangthong United នេះក៏ដោយ។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានឲ្យដឹងថា៖ «ក្រុម Muangthong United ជាក្រុមខ្លាំង និងប្រជុំដោយតារាឆ្នើមៗជាច្រើន ហើយពួកគេក៏មានគ្រូបង្វឹកដ៏ឆ្នើមម្នាក់ផងដែរ។ ប៉ុន្តែ យើងនឹងខិតខំព្យាយាមលេងឲ្យបានល្អ ហើយជាការរំពឹងទុក ក្រុមទាំងពីរនឹងបង្កើតឲ្យមានការប្រកួតដ៏រំភើបមួយ។

ស្របពេលជាមួយគ្នានេះ លោក Totchtawan Sripan គ្រូបង្វឹករបស់ក្រុម Muangthong United បានបញ្ជាក់ថា លោកនឹងប្រើប្រាស់ក្រុមជម្រើសដំបូងរបស់លោក ពោលគឺប្រើប្រាស់កីឡាករឆ្នើមៗសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ដើម្បីមិនឲ្យអ្នកគាំទ្រខកបំណងឡើយ៕

Advertisement