លោក Park ជាប់ពិន័យមិនឱ្យដឹកនាំ 4ប្រកួត និងបង់ប្រាក់ 5ពាន់ដុល្លារ

លោក Park Hang-Seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី (AFC) ពិន័យព្យួរចំនួន 4ប្រកួត ដោយសារឧប្បត្តិហេតុមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ2019 នៅឯប្រទេសហ្វីលីពីន។

សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានកត់សម្គាល់ឃើញថា លោក Park បានប្រើដៃរុញអាជ្ញាកណ្តាល, និយាយប្រមាថ និងប្រើប្រាស់ភាសាមិនសមរម្យ រំលោភបំពានចំពោះអាជ្ញាកណ្តាល ដោយនៅក្នុងច្បាប់បាល់ទាត់​ត្រូវនឹងបទប្បញ្ញត្តិប៉ះពាល់ធ្ងន់ធ្ងរ នៅក្រោមមាត្រាទី 47 នៃក្រមវិន័យ និងវិជ្ជាជីវៈបាល់ទាត់ AFC។
ក្រៅពីត្រូវបានបណ្តេញចេញពីទីលាននៅពេលប្រកួតនោះហើយ គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ ក៏នឹងត្រូវបង់ប្រាក់ពិន័យចំនួន 5,000ដុល្លារ រួមជាមួយនឹងការពិន័យមិនឱ្យដឹកនាំការប្រកួតចំនួន 4ប្រកួតទៀតផង។ បន្ថែមពីលើនោះទៅទៀត AFC បានបន្ថែមថា ការល្មើសម្តងហើយម្តងទៀតលើបទប្បញ្ញត្តិនេះ អាចនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរលើសពីនេះទៅទៀត៕

Advertisement