ព្រះខ័នរាជស្វាយរៀង យកជ័យជម្នះដំបូងក្នុងវគ្គចែកពូលបានហើយ…

ក្នុងពានរង្វាន់ AFC CUP 2020 ក្នុងពូល G បានឈ្នះ​ក្រុមជើងឯកលីកកំពូលឥណ្ឌូនេស៊ី Bali United ក្នុងលទ្ធផល 2ទល់នឹង1។ក្នុងវគ្គទី1 ក្រុមព្រះខ័នរាជស្វាយរៀងបានឆក់ឱកាសល្អៗបាន 2លើក និងស៊ុតបញ្ចូលទីបានសម្រេច បំប៉ោងសំណាញ់ទីក្រុមជើងខ្លាំងឥណ្ឌូនេស៊ី ឱ្យបាក់ស្បាតមិនអាចតដៃរួច ដោយកីឡាករ ហួយ ផល្លីន (បញ្ចូនបាល់កាត់ដោយ Privat) និង Jean Marie Privat។
ចូលដល់វគ្គទី2 ក្រុមភ្ញៀវហាក់ដាក់សម្ពាធច្រើន ដោយរកបាន 1គ្រាប់វិញ ដោយសារបាល់ផ្លាត និងស៊ុតបញ្ចូលទីបានសម្រេច។​ ទោះជាខំប្រឹងប្រែងយ៉ាងណាក្តី ក្រុម Bali United នៅតែចាញ់ក្រុមព្រះខ័នរាជស្វាយរៀងដដែល ដោយបានរក្សាលទ្ធផលត្រឹម 2ទល់នឹង1 នេះរហូតដល់ចប់ការប្រកួត។
លទ្ធផលឈ្នះនេះផងដែរ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀង ឡើងមកឈរនៅលេខ2 ក្នុងពូល G បណ្ដោះអាសន្ន ដោយគិតលើរូបមន្ត Head to Head និងបន្ទាប់ពី 1គូទៀតដែលជាក្រុមរួមពូលជាមួយគ្នា គឺការប្រកួតរវាង Ceres Negros ជាមួយ Than Quang Ninh បានបញ្ចប់ទៅដោយពិន្ទុស្មើគ្នា 2ទល់2៕

Advertisement