ជម្រើសជាតិសិង្ហបុរី ហ្វឹកហាត់ជាធម្មតា ទោះបីមានអត្រាឆ្លងជំងឺកូរ៉ូណា ខ្លាំងជាងគេបំផុតនៅអាស៊ានក៏ដោយ

សមាគមបាល់ទាត់ប្រទេសសិង្ហបុរី និងក្រោមការដឹកនាំរបស់លោក Tatsuma Yoshida គ្រូបង្គោលជម្រើសជាតិបានសម្រេចកោះហៅកីឡាករចំនួន 25នាក់ ជាបញ្ជីបឋមមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតមិត្តភាព និងប្រកួតផ្លូវការក្នុងខែនេះ។

ទោះបីជាសិង្ហបុរី មានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ 150ករណីពិតមែន ក៏ប៉ុន្តែការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ពួកគេ នៅតែមាន ដើម្បីត្រៀមខ្លួនប្រកួតជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះវីរុស COVID-19 មកទល់នឹងពេលនេះ ការប្រកួតបាល់ទាត់នានា ទាំងជម្រើសជាតិ និងក្នុងស្រុក ទាំងក្របខ័ណ្ឌលីក ពានរង្វាន់នានា បានផ្អាកទាំងអស់នៅក្នុងប្រទេសជាច្រើន ដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម ថៃ អ៊ីតាលី និងស្វ៊ីសជាដើម៕