គ្រូបង្វឹក​របស់ Arsenal ឆ្លង​វីរុស​ COVID-19 ៖ ការ​ប្រកួត​រវាង​ក្រុម Arsenal និង Brighton នៅ​ថ្ងៃ​សៅរ៍​នេះ អាច​នឹង​ត្រូវ​ពន្យា​ពេល

គ្រូបង្វឹក​របស់ Arsenal ឆ្លង​វីរុស​ COVID-19 ៖ ការ​ប្រកួត​រវាង​ក្រុម Arsenal និង Brighton នៅ​ថ្ងៃ​សៅរ៍​នេះ អាច​នឹង​ត្រូវ​ពន្យា​ពេល

លោក Mikel Arteta ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស COVID-19 ហើយ​ថា​គ្រូបង្វឹក​រូប​នេះ ប្រហែល​ជា​បាន​ចម្លង​មេរោគ​ទៅ​ឱ្យ​សមាជិក​​ផ្សេង​ៗ​ក្នុង​ក្រុម​ ក៏ដូច​ជាក្រុម​គ្រូបង្វឹក​ដទៃ​របស់​ Arsenal ផង​ដែរ​។

ការ​ប្រកាស​របស់​ Arsenal ដែល​បាន​ធ្វើ​ឡើង​កាល​ពី​យប់​ម្សិល​មិញ បាន​លើក​ឡើង​​ថា “មជ្ឈមណ្ឌល​ហ្វឹក​ហាត់​របស់​យើង​ (London Colney) ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​ បន្ទាប់​ពីប្រធាន​​ក្រុម​គ្រូបង្វឹក​ លោក Mikel Arteta ត្រូវ​បាន​ធ្វើ​តេស្ត​ និង​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19។ បុគ្គលិក​ទាំង​អស់​ក្នុង​ក្លឹប​ ដែល​ធ្លាប់​បាន​ប្រស្រ័យ​ទាក់​ទង​ផ្ទាល់​ជាមួយ Mikel ក្នុង​ពេល​កន្លង នឹង​ត្រូវ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិបាល​”។

បច្ចុប្បន្ន​ គេ​មិន​ទាន់​ដឹងថា ​គ្រូបង្វឹក​រូប​នេះ បាន​ឆ្លង​មេរោគ​ពី​អ្នក​ណា​នៅ​ឡើយ​ ប៉ុន្តែ គេ​សង្ស័យ​ថា គ្រូបង្វឹក​រូប​នេះ​​ ប្រហែលជា​បាន​ឆ្លង​ពី​លោក Evangelos Marinakis។ មុន​នេះ​ ​លោក Evangelos Marinakis ដែល​ជា​ម្ចាស់ក្លឹប​ Olympiacos ធ្លាប់​បាន​ជួប​ផ្ទាល់​ជា​មួយ​ក្រុម​មេដឹក​នាំ​​ ក៏ដូចជា​កីឡាករ​មួយ​ចំនួន​របស់​ក្លឹប Arsenal នៅ​ពេល​ដែល​ក្លឹប​ទាំង​2​នេះ បាន​ប្រកួត​ជាមួយ​គ្នា​នៅ Europa League កាល​ពី​ខែ​កុម្ភៈ​។ ក្រោយ​មក​មិន​យូរប៉ុន្មាន បន្ទាប់​ពី​ការ​ប្រកួត​តង់​ទី​2 នៅ Emirates លោក Marinakis ប្រកាស​ថា លោក​មាន​ផ្ទុក​វីរុស COVID-19។ បញ្ហា​នេះ​ក៏បាន​ធ្វើឱ្យ​ការ​ប្រកួត​បន្ថែម​ម៉ោង​រវាង​ Arsenal និង Man City កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ត្រូវ​បាន​ពន្យាពេល​ផងដែរ​។

សារ​ព័ត៌មាន​ Sky Sports បាន​ឱ្យ​ដឹង​ថា តាម​គម្រោង ក្រុម​ Arsenal នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Brighton នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ នៅ​ក្នុង​ក្របខណ្ឌ English Premier League។ ប៉ុន្តែ ដោយ​មាន​ការ​ប្រែប្រួល​ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​ COVID-19 នៅ​ក្នុង​ក្លឹប Arsenal ការ​ប្រកួត​នោះ​ប្រាកដ​ជា​ត្រូវ​បាន​លើក​ពេល​មិន​ខាន។

នៅ​ព្រឹក​ថ្ងៃ​សុក្រ(ម៉ោង​ក្នុង​ស្រុក) គណៈកម្ម​ការ​នៃពាន​រង្វាន់​បាល់​ទាត់​ English Premier League នឹង​ត្រូវ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​កែ​សម្រួល​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​៕

Advertisement