ព្រះខ័នរាជ ធ្លាក់មកនៅលេខ3 ក្រោយ Thnah Quan Ninh មកលត់ដល់ទឹកដី

កាលពីយប់ថ្ងៃទី11 ខែមីនា ឆ្នាំ2020 ម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមលីកកំពូលវៀតណាម Thnah Quan Ninh ​ក្នុងលទ្ធផល 4ទល់នឹង1 ក្នុងការប្រកួតពានរង្វាន់ AFC CUP 2020 ប្រចាំពូល G ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិរបស់កម្ពុជា។

ការប្រកួតក្នុងវគ្គទី1 ក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀបច្រើន ដោយមានការគ្រប់គ្រងបាល់ និងមានឱកាសល្អៗជាច្រើន តែរកបានត្រឹម 1គ្រាប់គត់ ដោយកីឡាករ Privat តាមពីក្រោយក្រុមភ្ញៀវដែលរកបាន 1គ្រាប់មុនរួចហើយ។ ចូលមកដល់តង់ទី2 វិញ ក្រុមវៀតណាមបានផ្លាស់ប្តូរពីការលេងបែបទប់ មកលេងបែបសម្រុកវិញ និងមានខ្សែប្រយុទ្ធទៅចងមុងនៅខាងលើជាច្រើន ដែលយុទ្ធសាស្ត្របែបនេះ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀងមានការឆ្លេឆ្លាក្នុងតំបន់ការពារ រហូតរបូតដល់ទៅ 3គ្រាប់ទៀត និងបញ្ចប់ដោយលទ្ធផល 4ទល់នឹង1។

គួរបញ្ជាក់ដែរថា ក្រោយបញ្ចប់ការប្រកួត ក្រុមតំណាងឱ្យកម្ពុជានេះ បានធ្លាក់មកនៅលេខ3 ក្នុងពូល G វិញ ពោលគឺនៅពីក្រោមក្រុម Ceres Negros (ហ្វីលីពីន) និង Thnah Quan Ninh (វៀតណាម) ខណៈដែលក្រុម  Bali United ស្ថិតនៅបាតតារាង៕

Advertisement