Ronaldo និងគ្រួសារកំពុងបង្ខាំងខ្លួន និងតាមដានសុខភាព នៅលើកោះផ្ទាល់ខ្លួន

បើ​តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ​ក្រុមកីឡាករសញ្ជាតិព័រទុយហ្គាល់ បានឱ្យដឹងថា Christiano Ronaldo សព្វថ្ងៃកំពុងតែស្នាក់នៅលើកោះ Madeira ​នា​ស្រុក​កំណើតជាមួយ​ក្រុម​គ្រួសាររបស់គេ​ ​ក្រោយបានលទ្ធផលតេស្ត COVID-19 ហើយ ដោយលទ្ធផលអវិជ្ជមាន (គ្មានផ្ទុក COVID-19 )។

រូបគេ​មិន​មាន​សញ្ញា​ណាមួយបង្ហាញ​ថា ​បានឆ្លង ​ឬ​រក​ឃើញ​មេរោគ​អ្វី​ឡើយ​នា​ពេល​នេះ ​ក៏ប៉ុន្តែ​ត្រូវ​នៅ​បន្ដ​តាមដាន​ទៀត​ដែរ។ ការ​បន្ដ​តាមដាន​នេះ គឺ​ធ្វើ​តាម​អ្វី​ដែល​ក្លិប Juventus ​បាន​ដាក់​ចេញ ​ដោយ​បុគ្គលិក​ក្លិប​ទាំង​អស់ចំនួន 121​នាក់ត្រូវ​ស្ថិត​នៅ​ដោយ​ឡែក​សិន ដើម្បី​តាម​ដាន​ថា មាន​ឆ្លង​មេរោគ Covid-19 ​ឬ​អត់?។

គួរបញ្ជាក់ដែរថា នៅប្រទេសអ៊ីតាលី ដែលកីឡាកររូបនេះបានប្រកបអាជីព បានក្លាយជាប្រទេសដែលកំពុងទទួលរងការគំរាមកំហែងខ្លាំងជាងគេបំផុតពីមេរោគមរណៈមួយនេះ រួមទាំងកីឡាករបាល់ទាត់ផងដែរ ដោយបានធ្វើឱ្យលីកបាល់ទាត់របស់ប្រទេសនេះផ្អាកការប្រកួតទាំងអស់ជាបណ្តោះអាសន្ន៕

Advertisement