រដ្ឋាភិបាលប្រកាសពន្យារពេល ប្រកួតកីឡាជាតិលើកទី3

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា​ ការប្រកួតកីឡាជាតិ (National Games 2020) លើក​ទី​3 នៅ​ចន្លោះ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​2020 ​នេះ ត្រូវបានពន្យារពេលហើយ ដោយសារតែការរាតត្បាតនៃវីរុសប្រភេទថ្មី ​COVID-19 ដែលជាក្តីកង្វល់របស់ពិភពលោក ក៏ដូចជាកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។

ជាមួយការពន្យារពេលនេះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី ពិសេសផ្ដល់ឱកាសឱ្យគណៈកម្មការ មានពេលវេលាគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈរៀបចំ នៅពេលស្ថានភាពរីករាលដាល នៃជំងឺឆ្លង Covid-19 មានសភាពប្រក្រតីឡើងវិញ។

គួររំឭកផងដែរថា តាមគម្រោង ការប្រកួតកីឡាជាតិ (National Games 2020) លើក​ទី​3 នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​25 ខែ​ឧសភា រហូតដល់​ថ្ងៃ​ទី​5 ខែ​មិថុនា ខាងមុខនេះ ​រយៈពេល​ 12​ថ្ងៃ​ ដោយព្រឹត្តិការណ៍ដ៏ធំនេះ គ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តចំនួន 5ទៀត ចូលរួមធ្វើជាម្ចាស់ផ្ទះ៕

Advertisement