ក្រសួងសេដ្ឋកិច្ច និង JICA ចេញសេចក្តីប្រកាសផ្តល់ហិរញ្ញប្បទានជិត 600លានដុល្លារ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (Japan International Cooperation Agency ឬ JICA ប្រចាំនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ស្តីពីពិធីចុះហត្ថលេខា ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន5 ដែលមានទឹកប្រាក់ជិត 600លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន5 ក្នុងនោះលើលិខិតប្តូរសារចំនួន5 និងលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន2 ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020។
ក-ការចុះហត្ថលេខា៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លើលិខិតប្តូរសារ(Exchange of Notes)ស្តីពីការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន5 ដែលមានទឹកប្រាក់សរុបប្រមាណ 312.37លានដុល្លារអាមេរិក។ លិខិតប្តូរសារចំនួន5 នេះរួមមាន៖

1- គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ (ទឹកប្រាក់ចំនួន 3,421 លានយ៉េន ត្រូវជាប្រមាណ 30.7លានដុល្លារអាមេរិក)។
2- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន (ទឹកប្រាក់ចំនួន1,000លានយ៉េន ត្រូវជាប្រមាណ 8.97លានដុល្លារអាមេរិក)។
3- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់ជារថយន្ត និងសម្ភារដល់កម្ពុជា សម្រាប់កិច្ចប្រជុំអាស៊ាន 2022(ទឹកប្រាក់ចំនួន 300លានយ៉េន ត្រូវជាប្រមាណ 2.7លានដុល្លារអាមេរិក)។
4- គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្ដាម – ធ្លាម្អម ខេត្តពោធិ៍សាត់) ដំណាក់កាលទី3 ដែលមានទឹកប្រាក់ចំនួន 11,715លានយ៉េន ត្រូវជាប្រមាណ 108 លានដុល្លារអាមេរិក។
5- គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5 (ពីធ្លាម្អម ខេត្តពោធិ៍សាត់ – ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ – ក្រុងប៉ោយប៉ែត) ដំណាក់កាលទី2 ដែលមានទឹកប្រាក់ចំនួន 17,702លានយ៉េន ត្រូវជាប្រមាណ 162លានដុល្លារអាមេរិក។

ខ- ការចុះហត្ថលេខា៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក SUGANO Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន2 ដែលមានទឹកប្រាក់សរុបប្រមាណ 270លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន2 នេះ ជាកញ្ចប់ឥណទានសម្រាប់បន្ថែមដល់គម្រោងទាំង2 រួមមាន៖

1-
 គម្រោងធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្ដាម – ធ្លាម្អម ខេត្តពោធិ៍សាត់)ដំណាក់កាលទី3 ដែលមានទឹកប្រាក់ចំនួន 11,715លានយ៉េនត្រូវជាប្រមាណ 108លានដុល្លារអាមេរិក។
2- គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5(ពីធ្លាម្អម ខេត្តពោធិ៍សាត់ – ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ – ក្រុងប៉ោយប៉ែត) ដំណាក់កាលទី2 ដែលមានទឹកប្រាក់ចំនួន 17,702 លានយ៉េន ត្រូវជាប្រមាណ 162 លានដុល្លារអាមេរិក
ជារួម គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) ក្នុងក្របខ័ណ្ឌឥណទានសម្បទានជប៉ុន មានប្រវែងសរុប 366គម បានបែងចែកជា 3ផ្នែកធំៗគឺ៖
1- ភាគខាងជើង (ពីក្រុងបាត់ដំបង – ក្រុងសិរីសោភ័ណ) កំណាត់ផ្លូវមានប្រវែងសរុប 84.74គម ក្នុងនោះ ផ្លូវមេមានប្រវែង 51.48គម និងផ្លូវវាងក្រុងបាត់ដំបង មានប្រវែង 23.92គម និងផ្លូវវាងក្រុងសិរីសោភ័ណ មានប្រវែង 9.34 គម។
2- ភាគខាងត្បូង (ពីស្ពានព្រែកក្តាម – ធ្លាម្អម ខេត្តពោធិ៍សាត់) កំណាត់ផ្លូវមានប្រវែងសរុប135.24គម ក្នុងនោះផ្លូវមេ មានប្រវែង 117.97គម និងផ្លូវវាង 2ខ្សែ គឺ ផ្លូវវាងក្រុងឧដុង្គ មានប្រវែង5.2គម និងផ្លូវវាងក្រុងកំពង់ឆ្នាំង មានប្រវែង 12.07គម។
3- ភាគកណ្តាល (ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត) កំណាត់ផ្លូវមានប្រវែងសរុប 146.04គម។ ក្នុងនោះពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង 99.21គម ជាផ្លូវ 4គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់ 11.69គម និងកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង 35,14គម។

ដោយសារ តម្រូវការហិរញ្ញប្បទានសម្រាប់ផ្នែកនីមួយៗមានតម្រូវការធំ ដូចនេះ ការផ្តល់ឥណទានសម្រាប់ផ្នែកនីមួយៗ បានធ្វើឡើងជាដំណាក់កាលៗ ទៅតាមការវិវឌ្ឍនៃការរៀបចំអនុវត្តគម្រោង។ ជារួម កំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) ដែលមានប្រវែងសរុបចំនួន 366គម មាន​តម្រូវការឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន សរុបប្រមាណ 840លានដុល្លារអាមេរិក៕

Advertisement