U22 វៀតណាម ចេញទៅបារាំង ប្រកួតជាមួយជើងខ្លាំង 10ប្រទេស ដើម្បីត្រៀមការពារមេដាយមាសស៊ីហ្គេម

ឈុត​យុវជន​អាយុ​ក្រោម 21ឆ្នាំ ដែលជា​ឈុត​ត្រៀមខ្លួន​ការពារ​មេដាយមាស​ស៊ី​ហ្គេម វៀតណាម ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នា​ឆ្នាំ​ក្រោយនេះ នឹងចូលរួម​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ​មួយ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមខ្លាំងៗទាំង10 មកពី​ជុំវិញ​ពិភពលោក។

វៀតណាម ត្រូវបាន​ប្រទេស​បារាំង​អញ្ជើញ ក្នុងចំណោម​ក្រុមផ្សេងៗទៀត​ចំនួន9 ដែលជា​ក្រុម​ខ្លាំង​បំផុត តំណាងឱ្យ​តំបន់នីមួយៗមកពី​ជុំវិញ​ពិភពលោក ហើយ​វៀតណាម គឺជា​ក្រុម​ខ្លាំង​បំផុត​តំណាងឱ្យ​តំបន់​អាស៊ាន។ ខណៈដែល​ប្រទេស9 ផ្សេងទៀត​រួមមាន អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន ម៉ិ​ក​ស៊ិ​ក កុង​ហ្គោ រ៉ូ​ម៉ា​នី កូ​ឌី​វ័រ និង ម៉ូ​រ៉ូ​កូ។

គួរ​បញ្ជាក់ដែរថា នៅ​ខែធ្នូ ក្រុម​នេះ​នឹង​ចេញទៅ​ប្រទេស​បារាំង ដើម្បី​ហ្វឹកហាត់ និង​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ដែល​នេះ គឺជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់ U22វៀតណាម ព្រោះ​ពួកគេ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​អឺរ៉ុប និង​អាមេរិក ហើយនឹង​ក្លាយជា​ការរៀបចំ​ដ៏​ល្អ​សម្រាប់​ការប្រកួត​ជម្រុះ (AFC U-23 Championship) នៅ​ឆ្នាំ2022 និង​ស៊ី​ហ្គេម លើក​ទី31 ឆ្នាំ2021ផងដែរ៕

Advertisement