Felix គ្រោងត្រឡប់មកកម្ពុជា ដើម្បីប្រមូលផ្តុំក្រុមជម្រើសជាតិ នាខែតុលាខាងមុខនេះហើយ

Felix G.Dalmas គ្រូ​បង្គោល នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានបង្ហាញ​អារម្មណ៍​ថា នឹក​ការប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​យ៉ាងខ្លាំង ខណៈដែល​លោក​កំពុងតែ​ស្នាក់នៅ​ក្នុងប្រទេស​ជប៉ុន ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ-19 ហើយ​ត្រៀម​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្នុងពេលឆាប់ៗនេះ។

ជុំវិញ​វិស័យ​បាល់ទាត់​របស់​កម្ពុជា លោក​បាន​បន្ថែមថា វា​ជា​រឿង​ល្អ​ដែល​កម្ពុជា បាន​បើក​ឱ្យមាន​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​ក​ឡើងវិញ ជាមួយនឹង​ការការពារ​សុវត្ថិភាព​បាន​យ៉ាង​ល្អ ដោយ​រក្សា​គម្លាត​សង្គម ថែមទាំង​ត្រួតពិនិត្យ​ចំនួន និង​សុខភាព​ក្រុមការងារ​បាល់ទាត់​ទាំងអស់ ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​វិស័យ​បាល់ទាត់​របស់​កម្ពុជា ក៏ដូចជា​ផ្តល់ឱកាស​ដល់​កីឡាករ​ទាំងអស់ បានទទួល​នូវ​ការប្រកួត ក៏ដូចជា​ត្រៀមខ្លួន​ឱ្យ​បានល្អ​ក្នុងការ​ប្រកួត​នា​ខែតុលាឆាប់ៗខាងមុខនេះ។

គួរ​ដឹង​ដែរ​ថា លោក Felix G.Dalmas បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុងប្រទេស​ជប៉ុន ហើយ​បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ នៅ​ខែតុលា លោក​អាច​នឹង​ត្រឡប់មក​បន្ត​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដើម្បី​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ដែល​នៅ​សេសសល់​ជាមួយ​ប្រទេស​បា​រ៉ែ​ន អ៊ីរ៉ង់ និង​អ៊ីរ៉ាក់ នៅ​ខែវិច្ឆិកា​ខាងមុខ៕

Advertisement