ថ្លៃហួស! ជម្រើសជាតិកូស្តារីកា 2រូប មកលេងក្នុងលីកកំពូលវៀតណាម មានតម្លៃសរុប 1.3លានដុល្លារ

លី​គ​កំពូល​របស់​វៀតណាម រដូវ​កាល2020 នេះ នឹង​នាំយក​កីឡាករ​ជម្រើសជាតិ​កូ​ស្តា​រី​កា 2រូប គឺ Jose Ortiz និង Ariel Rodriguez មក​ចូលរួម​ក្នុង​ក្លិប Ho Chi Minh City FC ដែលជា​ក្លិប​នៅ​លី​ក​កំពូល​វៀតណាម V-League 1។

Jose Ortiz វ័យ 28ឆ្នាំ ជា​ខ្សែបម្រើ​មាន​ជំនាញ​ប្រើ​ជើង​ទាំងសងខាង មានតម្លៃ​ខ្លួន 715,000ដុល្លារ ដោយ​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់គេ ចំនួន 13ប្រកួត រកបាន 3គ្រាប់ និង​ផ្ទេរ​មកពី​ក្លិប​អ្នក​មាននៃ​លី​ក​កំពូល​របស់​ប្រទេស​កូ​ឡុំ​ប៊ី។

ចំណែក Ariel Rodriguez មាន​វ័យ 31ឆ្នាំ ជា​ខ្សែប្រយុទ្ធ​ដែល​នាំចូល​មកពី​ក្លិប​លី​ក​កំពូល​របស់​ថៃ BG Patum ដែលជា​ក្លិប​ជើងឯក​លី​ក​កំពូល​ថៃ កាលពី​រដូវ​កាល​មុន មានតម្លៃ​ខ្លួន 315,000ដុល្លារ ធ្លាប់​បង្ហាញខ្លួន​ជាច្រើនលើក​ឱ្យ​ជម្រើសជាតិ និង​រកបាន 8គ្រាប់។

គួរ​បញ្ជាក់ដែរថា កីឡាករ​ទាំង២រូបនេះ ត្រូវបាន​វៀតណាម​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល 14ថ្ងៃ មុននឹង​បាន​ចូលមក​ធ្វើតេស្ត​សុខភាព ហើយក៏​បានទទួល​ជោគជ័យ​តែម្តង។ ចំពោះ​ការបង្ហាញ​ខ្លួន​វិញ លោក Chung Hae-seong ដែលជា​គ្រូបង្វឹក​របស់​ក្លិប Ho Chi Minh City FC បាន​បញ្ជាក់ថា លោក​នឹងដាក់​ពួកគេ​ទាំង2 ឱ្យ​លេង​ក្នុងពេលឆាប់ៗនេះ បើ​មិនមាន​បញ្ហា​អ្វី៕

Advertisement