UEFA Champions League អាចនឹងត្រូវផ្អាកវិញ ក្រោយរកឃើញកីឡាករ AT Madrid ឆ្លងកូវីដ-19

គ្រប់ការ​ប្រកួត UEFA Champions League ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន បាន​លើក​ទៅធ្វើ​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ទាំងអស់ ហើយ​កាលវិភាគ​ប្រកួត គឺកៀកៗគ្នា ដើម្បី​ជាការ​ងាយស្រួល​សម្រាប់​ក្រុម​ទាំងអស់ មិនចាំបាច់​ហោះហើរ​ទៅមក ដែល​នាំឱ្យមាន​ហានិភ័យ​ពី​ជំងឺ​កូ​វីដ-19។

ដោយឡែក ក្លិប Atlético Madrid បាន​រកឃើញ​មាន​កីឡាករ​របស់ខ្លួន​ចំនួន 2នាក់​មាន​ផ្ទុកមេរោគ​កូ​វីដ-19 និង​ថែមទាំង​បានបញ្ជាក់​យ៉ាងច្បាស់​ទៀតផង​ថា កីឡាករ 2រូបនោះ​គឺ ខ្សែប្រយុទ្ធ Angel Correa និង​ខ្សែការពារ Sime Vrsalijko ដោយ​ពួកគេ​ទាំង 2នាក់​នៅមាន​សុខភាព​ល្អ តែ​តម្រូវ​ឱ្យទៅ​គេង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដូច្នេះ សម្រាប់​ការប្រកួត​វគ្គ 1/4 ដែល Atlético Madrid ត្រូវ​ជួបនឹង RB Leipzig ថ្ងៃទី13 ខែសីហា ខាងមុខ​នោះ នឹងត្រូវ​អវត្តមាន​កីឡាករ​ទាំង 2រូបនេះ​យ៉ាងពិត​ប្រាកដ។

គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​មានរឿង​ហេតុ​ខាងលើ​កើតឡើង​បែបនេះ ការប្រកួត​រវាង Atletico តទល់​នឹង Leipzig ក្នុង​ក្របខ័ណ្ឌ UEFA Champions League វគ្គ 8ក្រុម​ចុងក្រោយ នៅ​ថ្ងៃទី13 ខែសីហា ខាងមុខ មិនទាន់​ដឹងថា តើ​អាច​ដំណើរការបាន ឬក៏​យ៉ាងណា​នៅឡើយ​ទេ៕

Advertisement