វគ្គជម្រុះ បាល់ទាត់ពិភពលោក និងជើងឯកប្រចាំទ្វីបអាស៊ី ត្រូវលើកទៅធ្វើនៅឆ្នាំ2021

ក្នង​សេចក្តីប្រកាស​មួយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ឬ AFC កាលពី​ថ្ងៃទី5 ខែសីហា ឆ្នាំ2020 បានប្រកាស​ជា​ផ្លូវ​ការជូន​ដល់់​សហព័ន្ធ​កីឡាបាល់ទាត់​នានា ដែល​ពាក់ព័ន្ធ ដើម្បី​ជូន​ជា​ដំណឹង សម្រាប់​ការលើក​ពេល​ការប្រកួត​វគ្គ​ជម្រុះ ពានរង្វាន់ AFC ASIAN CUP និង FIFA WORLD CUP ទៅ​ឆ្នាំ2021 ខាងមុខ  ដោយសារតែ​រលក​ទី2 នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ-19 មានការ​កើនឡើង​នៅក្នុង​ទ្វីបអាស៊ី។

សហព័ន្ធ​បាល់ទាត់ FIFA និង AFC បាន​ប្រជុំគ្នា​ជាច្រើនលើក ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការប្រកួត​សំខាន់​ទាំង2 ខាងលើនេះ។ ដោយសារតែ​មេរោគ Covid-19 នៅ​បន្ដ​កើតមានឡើង ឬ​អាច​និយាយបានថា ជា​រលក​ទី2 ផង​នោះ ទើប​ថ្នាក់ដឹកនាំ សម្រេច​លើក​ការប្រកួត​នៅ​ខែតុលា ឆ្នាំ2020នេះ ទៅធ្វើ​នៅ​ឆ្នាំ2021 វិញ ដោយ​កាលវិភាគ នឹង​បញ្ជាក់​នៅពេល​ក្រោយ។

គួរ​បញ្ជាក់ដែរថា មុននេះ ពានរង្វាន់​ដ៏​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup ក៏បាន​សម្រេច​លើក​ពេល​ទៅ​ឆ្នាំក្រោយ​ដែរ បន្ទាប់ពី​ស្ថានភាព​មិនទាន់​ធូរស្បើយ ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដែល​រួមមាន​ទាំង​កម្ពុជា​ផង​នោះ ត្រូវ​សម្រាក​គ្មាន​ការប្រកួត​សម្រាប់​ឆ្នាំនេះ៕

Advertisement