យប់នេះ អាចនឹងមានអ្នកទស្សនាច្រើន ក្នុងជំនួប បឹងកេត និង ភ្នំពេញក្រោន

នេះគឺជាជំនួបប្រកួតដ៍អស្ចារ្យមួយសម្រាប់លីកកំពូលកម្ពុជា ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់ រង់ចាំទស្សនាយ៉ាងអន្ទះសារ ហើយអាចនឹងមានអ្នកគាំទ្រច្រើន ទាំងបឹងកេត និង ភ្នំពេញក្រោន ។ ខណៈដែលការប្រកួតនេះ នឹងចាប់ផ្ដើមប្រកួតនាម៉ោង៦ល្ងាច នេះ លើទីលាន RSN (ក្លឹបភ្នំពេញក្រោន)។

បើតាមមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាបានឱ្យដឹងថា៖ ការប្រកួតរវាងបឹងកេត និង ភ្នំពេញក្រោននេះ ដើម្បី​ដណ្តើម​ឈរ​លេខ​រៀង​ទី​៣​ក្នុង​សប្តាហ៍​ទី​៩​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។

ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត ព្រោះ​បឹងកេត​ត្រូវការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន ដើម្បី​បង្កើន​ឱកាស​ប្រជែង​ឈរ​ក្នុង​តំបន់ Top2 ដែលមាន​ក្រុម​ក្រសួងការពារជាតិ និង​ស្វាយរៀង​។

ជាមួយនឹងការប្រកួតនេះដែល កីឡាករកែវ សុខង៉ន សមាជិកមួយរូបរបស់ក្រុមភ្នំពេញក្រោនបាននិយាយថា៖ «វាជាជំនួបនៃក្រុមខ្លាំងទាំង ២ ដែលជាក្លឹបដ៏ជោគជ័យ និងឈានមុខនៅក្នុងប្រទេស ហើយវាពិតជាការប្រកួតដ៏ធំសម្រាប់អ្នកគាំទ្រនៃក្លឹបទាំងពីរ គឺដូចគ្នាទៅនឹងជំនួបរបស់ក្រុមធំៗនៅបណ្តាលីគនានាលើពិភពលោកនេះដែរ ។»

ខ្សែប្រយុទ្ធដែលធ្លាប់បានចូលរួមលេងទាំងក្នុងក្លឹបភ្នំពេញក្រោន និងបឹងកេត រូបនេះបានបន្តថា៖ «ថ្ងៃអាទិត្យខាងមុខគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ ដូច្នេះខ្ញុំចង់ជូនចំណងដៃដ៏ល្អមួយសម្រាប់អ្នកគាំទ្រទាំងអស់នោះគឺ ជ័យជម្នះ! ខ្ញុំជឿជាក់ថា នឹងមានមនុស្សជាច្រើនចូលរួមទស្សនាការប្រកួតនេះ ។» ជាងនេះទៅទៀត រូបគេក៏បានបង្ហាញនូវការប្តេជ្ញាចិត្តថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចគោលដៅដ៏ធំមួយនោះគឺ ការជួយឲ្យក្លឹបភ្នំពេញក្រោនដែលកំពុងឈរនៅលំដាប់ទី៤ នៃតារាងចំណាត់ថ្នាក់ បានឈ្នះទាំងពានលីគកំពូល រួមទាំងពានសម្តេចហ៊ុន សែន ផងដែរនារដូវកាលនេះ ។

គួបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​កំពុង​ឈរ​លេខ​រៀង​ទី​៤​មាន​១៤​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៤ ស្មើ​២ និង​ចាញ់​២ ខណៈ​បឹងកេត​ឈរ​លេខ​រៀង​ទី​៣​មាន​១៧​ពិន្ទុ​ក្រោយ​ឈ្នះ​៥ ស្មើ​២ និង​ចាញ់​១​៕

Advertisement