កម្ពុជា ចាញ់​ថ្ងៃ​បើកឆាក​ស៊ី​ហ្គេម ខណៈ​វៀតណាម​បំបាក់​ទី​ម័​រ​ចាស់ដៃ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម 23ឆ្នាំ បាន​ជួប​ការខកចិត្ត​ក្នុងការ​ប្រកួត​ថ្ងៃ​បើកឆាក​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ2017 ក្រោយពី​ពួកគេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-0 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ក្នុងការ​ប្រកួត​ក្នុង​ពូ​ល B នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ល្ងាច​ថ្ងៃ​អង្គារ ម្សិលមិញ។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម23ឆ្នាំ បានចាប់ផ្តើម​យ៉ាង​ល្អ​តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​ពូ​ល B ដូចគ្នានេះដែរ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ហ្វីលីពីន បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ ពិសេស​ក្នុង​តំបន់​ការពារ ខណៈដែល​មិនមាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​បានឡើយ​ក្នុងការ​ប្រកួត​នៅ​តង់​ទី1។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​ហ្វីលីពីន បា​នរក​គ្រាប់​បាល់​នាំមុខ​មួយ​គ្រាប់ភ្លាមៗ ក្រោយពី​លេង​បាន​រយៈពេល6នាទី ក្នុង​តង់​ទី2 មុននឹង​បន្ថែម​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី82។ ការខកចិត្តផ្សេងៗទៀត​សម្រាប់​កម្ពុជា បានកើត​ឡើងកាន់​តែ​ធំ ក្រោយពី​ខ្សែការពារ​ជុំ ភី​សា បាន​រង​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី88។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​កម្ពុជា នៅសល់​ការប្រកួត​ដល់​ទៅ3លើក​ទៀត​ក្នុង​ពូ​ល​នេះ ដោយ​ចាប់ផ្តើម​តាមរយៈ​ការធ្វើដំណើរ​ទៅ​ជួប​ក្រុម​ខ្លាំង​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ ចាប់ពី​ម៉ោង3រសៀល​តទៅ។

ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​ពូ​ល​ដូចគ្នានេះ​ផងដែរ ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី បានធ្វើការ​វាយបក​ដើម្បី​តាម​ស្មើ​ក្នុង​លទ្ធផល 1-1 ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក ថៃ៕

Advertisement