ការស្ថិតក្នុង Premier League រយៈពេល១០ឆ្នាំរបស់ Sunderland បានបញ្ចប់

ការ​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League រយៈ​ពេល​១០​ឆ្នាំ​របស់​​ក្លិប Sunderland បញ្ចប់​ហើយ ក្រោយ​ពី​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ជិត​បញ្ចប់​​ការ​ប្រកួត​​របស់កីឡាករ Josh King បាន​ជួយ​ឲ្យក្រុម Bournemouth កត់ត្រា​ជ័យជម្នះ ១-០ ដែល​បាន​ធ្វើ​ឲ្យក្រុម​ឆា្ម​ខ្មៅ​មួយនេះ ត្រូវ​​កាត់​ចេញ​កាល​ពីថ្ងៃ​សៅរ៍​។

ក្រុមរ​បស់​លោក David Moyes បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌកំពូល​របស់​អង់គ្លេស​ទាំងការ​ខកចិត្ត ខណៈ​ដែល​ការ​បង្ហាញពី​ទម្រង់​លេងមិន​បានល្អ​នាពេលថ្មី​ៗ​នេះ ​បានកាត់​សេចក្តី​ក្នុង​យុទ្ធ​នា​ការ​ដ៏​ត្រដាប​ត្រដួស​របស់ពួកគេ ក្រោយ​ពី King បាន​រក​គ្រាប់​បាល់​​​ឈ្នះនៅនាទី ទី​៨៨​។ Moyes បាន​គិត​ថា ក្រុម​របស់​លោក​នៅ​តែ​មាន​ឱកាស​​ក្នុង​ការ​សង្គ្រោះ នៅពេល​ដែល​គូ​ប្រជែង​ស្ថិតក្បែរ​តំបន់​កាត់​ចោល Hull បាន​បណ្តោយ​​ឲ្យ​បាល់​ប៉េ​ណាល់​ទី​នៅលើ​ទឹក​ដីក្រុម Southampton ប៉ុន្តែ ការ​ស៊ុត​របស់​កីឡាករ Dusan Tadic ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Eldin Jakupovic ដើម្បី​ធ្វើ​ឲ្យ​ក្រុមមានរហស្ស​នាម​ខ្លា​ធំមួយ​នេះ បញ្ចប់​​ក្នុង​លទ្ធផលស្មើ ០-០ ដែល​បញ្ចប់ក្តី​សង្ឃឹម​នៃ​ការ​​សង្គ្រោះ​ការ​ធ្លាក់​ចេញ​របស់ក្រុម Sunderland តែម្តង​​។

ជា​មួយនឹង​ការ​ស្ថិតនៅ​​បាត​តារាង​ចាប់​តាំង​ពីថ្ងៃ​ទី​១០ ខែ​កញ្ញា ក្រុម Sunderland មិន​ស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​១០​លើក​ចុង​ក្រោយ​​របស់​ពួកគេ និង​បាន​ធ្លាក់​​ទៅកាន់ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ បើ​ទោះបី​នៅសល់​៤​ប្រកួត​ទៀតក៏ដោយ​។ ការ​ធ្លាក់​ចេញ​របស់ក្រុម Sunderland បំពេញ​នូវ​រដូវកាល​ដ៏​វេទនា​មួយ​ផ្សេង​ទៀត​សម្រាប់​លោក Moyes ដែល​បាន​ជួប​ពេល​វេលា​ដ៏ខក​ចិត្ត ចាប់​តាំង​ពី​ចាក​ចេញពីក្លិប Everton ដើម្បី​កាន់​​តំណែង​នៅ​ក្លិប Manchester United កាលពី​ឆ្នាំ​២០១៣​៕
ប្រភពព័ត៌​មាន៖ BBC

Advertisement