Alli និង Kane ជួយឲ្យ Spurs បំបាក់មុខកាំភ្លើងធំ និងរក្សាសម្ពាធលើតោខៀវ

ខ្សែ​បម្រើ Dele Alli និង​ខ្សែ​ប្រយុទ្ធ Harry Kane បាន​​ជួយ​ឲ្យ​ក្រុមមាន់​ខ្នាយ​មាស Tottenham Hotspur ស្ថិតក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League ខណៈ​ដែល​​ក្រុម​របស់​ពួក​គេ​បាក់​ក្រុម​កាំ​ភ្លើង​ធំ Arsenal ក្នុង​លទ្ធ​ផល ២-០ នា​​កីឡដ្ឋាន White Hart Lane ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រុម​​កំពុង​នាំ​មុខ Chelsea បាន​​​បន្ថែម​ការ​នាំ​មុខ​របស់​ពួក​គេ​រហូត​ដល់​ទៅ​៧​ពិន្ទុ​តាមរយៈ​ការ​ផ្តួល​ក្រុម Everton ៣-០ ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នេះ​នៅ​​​ថ្ងៃ​ដដែលនោះ ប៉ុន្តែ ក្រុម​ Spurs របស់​លោក Mauricio Pochettino បាន​កាត់​បន្ថយ​គម្លាត​នោះ​ឲ្យ​នៅ​ត្រឹម​៤​ពិន្ទុ​វិញ ជា​មួយ​នឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​។ គ្រាប់​បាល់បញ្ចូល​ទី​ទាំង​២​គ្រាប់​នោះ​បាន​កើត​ឡើង​នៅ​​ក្នុង​ចន្លោះ​ពេល​១៤៦​វិនាទី​ក្នុង​តង់​ទី​២ ខណៈ​ដែល Alli បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ពី​បាល់​ក្រឡក ហើយ Kane បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​របស់​ពួក​គេ​កើន​ដល់​១៧​​គ្រាប់ និង​២១​គ្រាប់​រៀង​ៗ​ខ្លួន​ក្នុង​យុទ្ធ​នា​ការ​​នា​រូវ​កាល​នេះ​។

Spurs នឹង​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ពី​លើ​ក្រុម Arsenal ជា​លើក​ទី​១​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩៥ ដើម្បី​បញ្ចប់​ការ​រង់​ចាំ​អស់​រយៈ​ពេល​២២​ឆ្នាំ​។ Spurs នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Wembley នៅ​រដូវ​កាល​ក្រោយ នៅមុន​ពេល​​ប្តូរ​ទៅកាន់​​កីឡដ្ឋាន​​ថ្មី​របស់​ពួក​គេ ដែល​​នឹង​ត្រូវ​សាង​សង់​​នៅ​លើ​ទី​តាំង​នៃ​កីឡដ្ឋាន​របស់​ពួក​គេ​​នា​ពេល​បច្ចុប្បន្ន​។ ។ លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham បាន​ប្រាប់​សារ​ព័ត៌​មាមន BBC ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​។ វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ ហើយ​​វា​ជា​ការ​​បង្ហាញ​ពី​ទម្រង់​លេង​គួរ​ជា​ទី​ពេញ​ចិត្ត​មួយ​»​​​៕

ប្រភព​ព័ត៌​មាន៖ The Guardian

Advertisement