ប្រជាជន​មិន​ចាំបាច់​មក​ភ្នំពេញ​ដើម្បី​ឆែក​ប្រវត្តិ​ឥណទាន​ទៀត​ទេ​ ​នៅ​តាម​បណ្តា​ខេត្ត​ក៏អាច​ឆែក​បាន​ដែរ​ ​តាមរយៈ​ ​AMK​ ​

​ការ​ឆែកមើល​ប្រវត្តិ​ឥណទាន​ ​ឬ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ​ព្រោះ​វា​ជា​ទិន្នន័យ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​កេរ្តិ៍ឈ្មោះ​ផ្ទាល់ខ្លួន​ចំពោះ​ការ​ស្នើសុំ​ឥណទាន​ពី​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​រួម​ទាំង​ជា​ទិន្នន័យ​មូលដ្ឋាន​ដើម្បី​ថ្លឹងថ្លែង​ពី​លទ្ធភាព​សង​ត្រឡប់​របស់​ខ្លួន​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ដែល​ធ្វើ​ឱ្យ​អាច​ចៀស​ផុត​ពី​បំណុល​ធ្ងន់ធ្ងរ​បាន​ថែមទៀត​ផង​។​ ​

​កាលពីមុន​ ​ដើម្បី​ឆែកមើល​ទិន្នន័យ​ឥណទាន​ផ្ទាល់ខ្លួន​ ​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ចាំបាច់​ត្រូវតែ​មករា​ជ​ធានី​ភ្នំពេញ​ដើម្បី​ស្នើសុំ​មើល​ទិន្នន័យ​ពី​ការិយាល័យ​ឥណទាន​កម្ពុជា​ ​(​CBC​)​ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ ​និង​ពេលវេលា​យូរ​ ​តែ​បច្ចុប្បន្ន​នេះ​ស្ថាប័ន​មួយ​នេះ​បាន​បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​តាមរយៈ​ការ​ចាប់ដៃ​គូ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ធំៗ​ដើម្បី​ផ្តល់​សេវាកម្ម​នៅ​ទូទាំង​ប្រទេស​។​ ​

​ថ្មី​ៗ​នេះ​ការិយាល័យ​ឥណទាន​កម្ពុជា​ ​(​CBC​)​ ​បាន​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដើម្បី​ផ្តល់​សេវាកម្ម​ផ្តល់​ទិន្នន័យ​ឥណទាន​ដល់​អតិថិជន​នៅ​សាខា​របស់​ ​អេ​ ​អឹម​ ​ខេ​។​ ​


​លោក​ ​អឿ​ ​សុធា​រ័ត្ន​ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ក្នុងរយៈពេល​ជាង​ ​6ឆ្នាំ​នៃ​ប្រតិបត្តិ​ការ​ ​ស៊ី​ប៊ី​ស៊ី​បាន​ចាប់ផ្តើម​ ​និង​ផ្តោត​ចម្បង​ជាមួយនឹង​របាយការណ៍​ឥណទាន​អតិថិជន​ ​ដែល​អនុញ្ញាត​ឱ្យ​សមាជិក​របស់​យើង​អាច​ស្វែងយល់​ពីអ​តិថិ​ជន​របស់​ពួកគេ​កាន់តែ​ច្បាស់​ ​និង​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ផ្តល់​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ការទទួលខុសត្រូវ​។​ ​បន្ថែម​ពីលើ​នេះ​ ​ប្រព័ន្ធ​នេះ​ក៏បាន​ជួយ​ដល់​អតិថិជន​ទូទៅ​ ​ក្នុង​ការ​ស្នើសុំ​ ​និង​ស្វែងយល់​អំពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ស្នើសុំ​កម្ចី​។​ ​មិន​តែប៉ុណ្ណោះ​ ​ប្រព័ន្ធ​នេះ​ក៏​ចូលរួម​ចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​ ​និង​សេដ្ឋកិច្ច​ផង​ដែរ​។​
​លោក​ ​អឿ​ ​សុធា​រ័ត្ន​ ​បាន​និយាយ​ថា​៖​ ​«​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា​ ​និង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ ​ទើប​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​ដោយធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​អាជីវកម្ម​ជាមួយ​ដៃគូ​យុទ្ធ​សាស្រ្ត​ ​គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដែល​មាន​សាខា​ជាង150​ ​ទូទាំង​ប្រទេស​ក្នុង​ការ​ផ្តល់​សេវាកម្ម​នេះ​ ​ដោយ​ជំហាន​ដំបូង​យើង​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​តាម​សាខា​របស់​ ​អេ​ ​អឹម​ ​ខេ​ ​ចំនួន5​ ​ហើយ​គ្រោង​នឹង​ពង្រីក​ទូទាំង​ប្រទេស​នៅ​ដំណាច់ឆ្នាំ2019នេះ​ទៀតផង​»​។​ ​

​លោក​ ​សុធា​រ័ត្ន​ ​បាន​បន្ថែម​ផង​ដែរ​ថា​ ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​គឺជា​សេវាកម្ម​មួយ​របស់​ ​ស៊ី​ប៊ី​ស៊ី​ ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន​ ​ឬ​លទ្ធភាព​ក្នុង​ការប្រើ​ប្រាស់​ឥណទាន​ដោយខ្លួនឯង​តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ស៊ី​ប៊ី​ស៊ី​។​ ​ដើម្បី​ប្រើប្រាស់​សេវាកម្ម​នេះ​ ​អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណ​ប័ណ្ណ​ ​ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ ​និង​មាន​សុពលភាព​ ​ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង5​ ​របស់​គ្រឹះស្ថាន​មី​ក្រូ​ហិញ្​ញ​វត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដូចជា​ទីស្នាក់ការ​កណ្តាល​ ​សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​សង្កាត់​ចោមចៅ3​ ​សាខា​កំពង់ចាម​ ​សាខា​ខេត្តកណ្តាល​ ​និង​សាខា​ខេត្តសៀមរាប​។​


​លោក​ ​គា​ ​បូរាណ​ ​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​បាន​លើកឡើង​ថា​ ​ការ​ចាប់ដៃ​គូ​សហប្រតិបត្តិ​ការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​ក្នុង​ការបម្រើ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​នេះ​នឹង​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ស្វែងយល់​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ត្រៀមខ្លួន​រួចជាស្រេច​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​ការ​ទទួល​បាន​ប្រាក់កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​៕​ ​

Advertisement