លំដាប់ហេតុការណ៍៖ រដ្ឋបាលជប៉ុនជម្លៀសពលរដ្ឋចេញពីទីក្រុងវូហាន ក្នុងរយៈពេល 2ថ្ងៃ

រដ្ឋបាលជប៉ុនអាចជម្លៀសជនជាតិជប៉ុនដែលជាប់នៅក្នុងទីក្រុងវូហាន គេចចេញពីការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាបានក្នុងរយៈពេលត្រឹមតែ 2ថ្ងៃប៉ុណ្ណោះ។ ភាពឆាប់រហ័សនេះ កើតចេញពីការត្រៀមខ្លួនរួចជាស្រេចរបស់គ្រប់អង្គភាព និងការប្រើច្រកផ្លូវខាងការទូតយ៉ាងមានប្រសិទ្ធភាព។

ជើងហោះហើរពិសេសបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ហានេដៈ ក្នុងក្រុងតូក្យូ កាលពីពេលព្រឹកថ្ងៃនេះ(ថ្ងៃពុធទី29មករា) វេលាម៉ោងប្រមាណជា 8.40នាទី ព្រមជាមួយជនជាតិជប៉ុនចំនួន 206នាក់ដែលត្រូវបានជម្លៀសចេញពីទីក្រុងវូហាន មជ្ឈមណ្ឌលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

ជើងហោះហើរនេះ បានចេញដំណើរព្រមជាមួយក្រុមមន្ត្រីពេទ្យ និងបុគ្គលិកត្រួតពិនិត្យរោគ ដោយអ្នកដំណើរមកពីវូហានទាំងអស់បានទទួលការពិនិត្យសុខភាពនៅក្នុងយន្តហោះ ដែលរហូតមកដល់ខណៈពេលនេះមិនទាន់មានអ្នកណាម្នាក់ឆ្លងមេរោគនោះនៅឡើយ តែមានអ្នកខ្លះដែលមានអាការក្អក ក្ដៅខ្លួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ត។

នៅពេលយន្តហោះចុះចតភ្លាម រថយន្តBus 5គ្រឿង និងរថយន្តសង្គ្រោះ 20គ្រឿងដែលបានត្រៀមរួចជាស្រេចនៅក្នុងអាកាសយានដ្ឋាននោះ បាននាំអ្នកដំណើរទាំងអស់ទៅពិនិត្យសុខភាពម្ដងទៀត។ ទាំងអស់គ្នានឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យមើលអាការរយៈពេល 14ថ្ងៃ។

រដ្ឋបាលជប៉ុនបញ្ជាក់ថា យន្តហោះពិសេសជើងទី2 នឹងចេញដំណើរឆ្ពោះទៅទីក្រុងវូហាននៅក្នុងរាត្រីថ្ងៃនេះ(ថ្ងៃពុធទី29) ហើយជើងហោះហើរពិសេសទី3 នឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍ ដើម្បីទៅទទួលយកជនជាតិជប៉ុនចេញពីទីក្រុងវូហានទាំងអស់ប្រមាណជា 650នាក់។

     លំដាប់ហេតុការណ៍៖ តើរដ្ឋបាលជប៉ុនត្រៀមការណ៍រួចជាស្រេចក្នុងរឿងនេះយ៉ាងណា?

រដ្ឋបាលជប៉ុនអាចជម្លៀសជនជាតិរបស់ខ្លួនចេញពីប្រទេសចិនបានក្នុងរយៈពេលតែ 2ថ្ងៃ និងជាប្រទេសដំបូងគេដែលបានទទួលការអនុញ្ញាតពីរដ្ឋបាលចិនឱ្យចូលទៅក្នុងទីក្រុងវូហាន ដែលនៅតែស្ថិតក្រោមវិធានការ Shutdown (បិទទីក្រុង)នៅឡើយ។

     ព្រលប់ថ្ងៃអាទិត្យទី26មករា៖ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ប្រកាសថា រដ្ឋបាលជប៉ុនត្រៀមរួចរាល់ហើយក្នុងការជម្លៀសជនជាតិជប៉ុនចេញពីទីក្រុងវូហាន។

     ថ្ងៃចន្ទ ទី27មករា៖ ក្រសួងការបរទេស ស្ថានទូតជប៉ុន និងសមាគមពាណិជ្ជករជប៉ុននៅក្នុងប្រទេសចិន បានប្រញាប់ប្រញាល់ស្វែងរក និងប្រមែប្រមូលជនជាតិជប៉ុនដែលត្រូវការត្រឡប់ទៅប្រទេសវិញ។

     ថ្ងៃអង្គារ ទី28មករា៖ ជើងហោះហើរពិសេសបានត្រៀមរួចជាស្រេចនៅឯព្រលានយន្តហោះអន្តរជាតិ ហានេដៈតាំងពីព្រឹកព្រលឹម តែនៅមិនទាន់អាចចេញដំណើរបាន ព្រោះ “ខាងចិនមិនទាន់ត្រៀមខ្លួនរួច”។ រហូតទាល់តែបានទទួលសញ្ញាភ្លើងបៃតងឱ្យហោះឡើងបាននៅពេលព្រលប់ៗនៃថ្ងៃដដែល។ ជើងហោះហើរពិសេសនេះថែមទាំងបាននាំយកម៉ាស់អនាម័យចំនួន15,000ឈុត វ៉ែនតាការពារការឆ្លងមេរោគ 8,000ឈុត ស្រោមដៃ 50,000ឈុត និងវត្ថុជួយសង្គ្រោះផ្សេងៗទៀតទៅប្រគល់ជូនខាងចិនផងដែរ។

នៅក្នុងថ្ងៃដដែល គណៈរដ្ឋមន្ត្រីជប៉ុនបានត្រៀមជាស្រេចនៅក្នុងប្រទេស មានមតិអនុម័តឱ្យដាក់ចូលក្នុងបញ្ជីនូវជំងឺរលាកសួតដោយមេរោគវីរុសកូរ៉ូណា ជាជំងឺឆ្លងតាមច្បាប់ ផ្ដល់អំណាចបញ្ជាអ្នកឆ្លងមេរោគឱ្យចូលព្យាបាលក្នុងមន្ទីរពេទ្យ បញ្ជាឱ្យឈប់សម្រាកពីការងារ និងបញ្ជាឱ្យពិនិត្យជំងឺនៅតាមព្រលានយន្តហោះ និងកំពង់ផែ ដោយរដ្ឋបាលជាអ្នកទទួលខុសត្រូវលើការចំណាយក្នុងការព្យាបាលទាំងអស់។

     ព្រឹកថ្ងៃពុធ ទី29មករា៖ ជើងហោះហើរពិសេសដំបូង ធ្វើដំណើរមកដល់ក្រុងតូក្យូ៕

ប្រភព​៖ សារ​ព័ត៌មា​នបរទេស

Advertisement