បំបាក់មុខលោកត្រាំ!! លទ្ធផលស្រាវ​ជ្រាវ រកឃើញថា ការប្រើថ្នាំគ្រុនចាញ់ការពារកូវីដ-19 តាមការអះអាងរបស់លោកត្រាំ រឹតតែបន្ថែមគ្រោះថ្នាក់ដល់ស្លាប់…

រកឃើញហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ ដែលបានអួតអាងដោយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថា អាចការពារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19បាន និងថែមទាំងប្រាប់ថា លោកបានប្រើវាជាប្រចាំ និងណែនាំឱ្យអ្នកឯទៀតធ្វើតាមដែរនោះ មានចំណែកបន្ថែមភាពប្រថុយប្រថានក្នុងការស្លាប់នៅលើអ្នកជំងឺកូវីដ-19 ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នេះបើតាមរយៈការបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រ Lancet។

នៅក្នុងការសិក្សាស្រាវជ្រាវដែលសង្កេតឃើញអាការអ្នកជំងឺកូវីដ-19 ដែលគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន 96,000 បានរកឃើញថា ក្រុមអ្នកជំងឺដែលបានទទួលថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន(HydroxyChloriquine) ឬក្លូរ៉ូគីន(Chloriquine) មានភាពប្រថុយប្រថាននឹងការស្លាប់ ខ្ពស់ជាងអ្នកជំងឺដែលមិនបានទទួលថ្នាំនេះ។

អ្នកសរសេរអត្ថបទនេះផ្សាយនៅក្នុងព្រឹត្តិបត្រខាងលើ បានបញ្ជាក់ថា ពួកគេមិនអាចអះអាងបានថា លទ្ធផលពីការប្រើថ្នាំមួយនេះ នឹងមានប្រយោជន៍ណាមួយចំពោះអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មីនេះឡើយ ដូច្នេះហើយទើប “ការអះអាងយ៉ាងបន្ទាន់តាមរយៈការសាកល្បងខាងការព្យាបាល(ឬគ្លីនិក)បែបព្រាវៗ មានភាពចាំបាច់”

តម្រូវការថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន បានកើនឡើងខ្ពស់បំផុត ខុសពីអំឡុងច្រើនទសវត្សរ៍មុនៗ ក្រោយពីលោកត្រាំ បានជំរុញដដែលជាដដែល ឱ្យប្រើថ្នាំមួយនេះ ដើម្បីការពារវីរុសកូរ៉ូណាប្រភេទថ្មី ព្រមទាំងបង្ខំប្រជាជនឱ្យសាកល្បងប្រើថ្នាំមួយនេះទៀតផង។

កាលពីអំឡុងពេលចុងសប្ដាហ៍កន្លងទៅ លោកត្រាំបានប្រាប់ថា លោកបានប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ក្នុងឋានៈជាថ្នាំការពារ ទោះជាគ្មានភ័ស្តុតាងខាងវិទ្យាសាស្ត្រអះអាងថា ថ្នាំមួយនេះ អាចការពារមេរោគកូវីដ-19បានក៏ដោយ។

លោកត្រាំ បានអះអាងថា ក្រោយពីបានប្រឹក្សាជាមួយវេជ្ជបណ្ឌិតប្រចាំសេតវិមានហើយ លោកក៏ចាប់ផ្ដើមញ៉ាំថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ជាប្រចាំរៀងរាល់ថ្ងៃ អស់រយៈ 2-3សប្ដាហ៍មកហើយ ព្រមទាំងបានអះអាងទៀតថា បុគ្គលិកខាងវេជ្ជសាស្ត្រចំនួនដ៏ច្រើន ក៏ទទួលទានថ្នាំនេះជាប្រចាំដូចគ្នា។

ទាំងអស់នេះ លោកត្រាំថែមទាំងបានអះអាងទៀតថា ថ្នាំនេះមានសុវត្ថិភាព ដោយសារតែជាថ្នាំដែលបានប្រើក្នុងការព្យាបាលជំងឺម៉ាឡារៀ(គ្រុនចាញ់) និងជំងឺផ្សេងៗទៀតជាង 40ឆ្នាំមកហើយ។

ពាក្យអះអាងរបស់លោកដូណាល់ ត្រាំនេះ បានកើតឡើង បើទោះជាមានលទ្ធផលនៃការស្រាវជ្រាវខាងវេជ្ជសាស្ត្រ និងការជំទាស់ពីអ្នកជំនាញការមួយចំនួន ដែលបានចេញមកបញ្ជាក់ថា ខណៈពេលនេះ នៅមិនទាន់មានភ័ស្តុតាងអះអាងថា ហាយដ្រុកស៊ីក្លូរ៉ូគីន ប្រើសម្រាប់ព្យាបាល ឬការពារកូវីដ-19បានក៏ដោយ តែវាថែមទាំងអាចមានផលប៉ះពាល់បន្ទាប់បន្សំធ្ងន់ធ្ងរ ធ្វើឱ្យសភាវបេះដូងដើរខុសចង្វាក់ទៀតផង។

អ្នកសរសេរលទ្ធផលស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុង Lancet ខាងលើ បានណែនាំថា មិនគួរប្រើថ្នាំនេះព្យាបាលអ្នកជំងឺកូវីដ-19 ឡើយ លុះត្រាណាតែមានសាកល្បងខាងការព្យាបាល រហូតមានលទ្ធផលពីការសិក្សាស្រាវជ្រាវផ្សេងៗអះអាងថា វាមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺកូវីដ-19 បានមែន ជាមុនសិន។

អង្គការអាហារ និងថ្នាំរបស់សហរដ្ឋអាមេរិក ធ្លាប់បានណែនាំរួចហើយថា ហាយដ្រុកស៊ីក្លូរ៉ូគីន គួរតែត្រូវបានប្រើសម្រាប់តែអ្នកជំងឺដែលគេងសម្រាកព្យាបាល ឬស្ថិតក្នុងការសាកល្បងខាងគ្លីនិកប៉ុណ្ណោះ ដោយសារតែថ្នាំនេះ មានការពាក់ព័ន្ធទៅនឹងសភាវបេះដូងដើរខុសចង្វាក់ ដែលជាគ្រោះថ្នាក់បំផុតសម្រាប់មនុស្សទូទៅ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement