សំណួរ – ចម្លើយ ដែលយើងគួរដឹងអំពីសុខភាពមាត់ – ធ្មេញ (តពីលេខមុន)

– តើទឹកភេសជ្ជៈមានផលប៉ះពាល់ចំពោះធ្មេញយ៉ាងណាដែរ?

ឆ្លើយ ៈ ទឹកភេសជ្ជៈមានចំណែកផ្សំរបស់ស្ករ ដែលជាអាហាររបស់មេរោគអតិសុខុមប្រាណ នៅពេលអតិសុខុមប្រាណយកធ្វើជា  អាហាររួចហើយ វានឹងបញ្ចេញកាកសំណល់ជាអាស៊ីតមកខាំបំផ្លាញអញ្ចាញ និងធ្មេញ។

– តើគួរដុសសម្អាតធ្មេញក្នុងមួយថ្ងៃប៉ុន្មានដង?

ឆ្លើយ ៈ គ្រប់ពេលក្រោយពីញ៉ាំអាហាររួច ឬយ៉ាងតិចបំផុតមួយថ្ងៃ 2 ដង។

-តើការដុសធ្មេញម្តងៗ គួរប្រើពេលយូរប៉ុនណាទើបស្អាតសព្វ?

ឆ្លើយ ៈ ប្រមាណជា 2 – 3 នាទី តែសម្រាប់អ្នកដែលកើតជំងឺអញ្ចាញធ្មេញ ត្រូវប្រើពេលយូរជាងនេះ។

– ការដុសសម្អាតធ្មេញបែបទទឹងធ្មេញជាប្រចាំ នឹងមានផលអាក្រក់យ៉ាងណា?

ឆ្លើយ ៈ ធ្វើឱ្យសឹកសាច់អញ្ចាញ ពុកធ្មេញ និងស្រៀវធ្មេញ។

– អ្វីជាមូលហេតុដែលធ្វើឱ្យធ្មេញប្តូរពណ៌បណ្តោះអាសន្ន?

ឆ្លើយ ៈ កើតឡើងដោយសារកំណកផ្សែងបារី ទឹកតែ កាហ្វេ តែការដុសសម្អាតធ្វើឱ្យធ្មេញត្រឡប់ទៅជាប្រក្រតីវិញ។

– តើកំណកពណ៌ជាប់ស្អិតខ្លាំងលើធ្មេញដែលបណ្តាលមកពីផ្សែងបារី ទឹកតែ និងការហ្វេគួរកែខៃយ៉ាងណា?

ឆ្លើយ ៈ ការជក់បារី ឬញ៉ាំអាហារ ភេសជ្ជៈដែលមានពណ៌ជាប្រចាំនឹងមានការប្រមូលសន្សំពណ៌នៅលើស្រទាប់ធ្មេញដែលមិនរលោងកើតចេញជាកំណកពណ៌ផ្សេងៗមិនគួរឱ្យចង់ឃើញឡើយ តែអាចកែខៃបានដោយការដុសសម្អាតធ្មេញយ៉ាងត្រឹមត្រូវតាមវិធី និងជាប់លាប់ដោយថ្នាំដុសធ្មេញដែលមានប្រសិទ្ធិភាព។

– អ្វីជាមូលហេតុដែលធ្វើឱ្យធ្មេញប្តូរពណ៌ជានិរន្តរ?

ឆ្លើយ ៈ ដោយសារតែធ្មេញត្រូវបានធ្វើឱ្យបុកប៉ះរញ្ជួយ ធ្វើឱ្យធ្មេញស្លាប់ ក្លាយជាពណ៌ស្រអាប់ ឯការព្យាបាលវិញ គឺព្យាបាលពីឬសធ្មេញ។

– ការជក់បារីក្រៅពីធ្វើឱ្យធ្មេញលឿងហើយ តើនៅមានផលអាក្រក់ចំពោះសុខភាពក្នុងប្រអប់មាត់យ៉ាងណាខ្លះ?

ឆ្លើយ ៈ ធ្វើឱ្យកើតការរលាកក្រហាយក្នុងប្រអប់មាត់ អញ្ចាញ ក្រអូមមាត់ឡើងជ្រាំងសៗ មានការរលាកនៅក្នុងបំពង់បញ្ចេញទឹកមាត់ផ្នែកខាងក្នុង មានការឡើងកម្រាស់របស់សាច់ភ្នាសក្រអូមមាត់ និងអាចធ្វើឱ្យកើតមហារីកបបូរមាត់បាន។

– មូលហេតុដែលធ្វើឱ្យកើតអាការស្រៀវធ្មេញគឺអ្វី?

ឆ្លើយ ៈ បណ្តាលមកពីការដុសធ្មេញខុសវិធី ធ្វើឱ្យធ្មេញសឹក អាចកែខៃបានដោយការដុសធ្មេញឱ្យត្រូវវិធី និងគួរញ៉ុក ឬប៉ះប៉ូវធ្មេញដែលសឹក។

– តើគួរការពារឧប្បតិ្តហេតុចំពោះធ្មេញដែលបណ្តាលមកពីការលេងកីឡាយ៉ាងណា?

ឆ្លើយ ៈ ប្រើធ្មេញជ័រដែលជាឧបករណ៍ការពារចំពោះកីឡាវាយបុក មានលក់នៅតាមហាងលក់ឧបករណ៍កីឡា ឬឱ្យទន្តពេទ្យវាស់ធ្វើឱ្យក៏បាន។

– សុខភាពធ្មេញ និងប្រព័ន្ធរំលាយអាហារ មានភាពពាក់ព័ន្ធគ្នាយ៉ាងណា?

ឆ្លើយ ៈ អាហារដែលឆ្លងកាត់ការទំពាររឹតតែល្អិតប៉ុនណា ក្រពះ និងពោះវៀនរឹតតែធ្វើការស្រួល និងតិចចុះប៉ុណ្ណោះដែរ និងបឺតយកសារធាតុរ៉ែបានកាន់តែច្រើនឡើងទៀតផង។

– តើយើងអាចពិនិត្យកំណកអតិសុខុមប្រាណ ក្រោយពេលដុសធ្មេញហើយបានដោយវិធីណា?

ឆ្លើយ ៈ 1 . ប្រើអណ្តាតប៉ះនៅលើស្រទាប់ធ្មេញ បើមានកំណកអតិសុខុមប្រាណ នឹងមានអារម្មណ៍ថាមានទឹករំអិលគ្រើមៗនៅជាប់នៅលើនោះ។

2 . មើលដោយភ្នែកទទេនឹងឃើញមានកំណកសៗល្អក់ៗជាប់នៅតាមចន្លោះអញ្ចាញ និងធ្មេញ។

– ជំងឺពុកធ្មេញគឺអ្វី?

ឆ្លើយ ៈ គឺការដែលធ្មេញត្រូវបំផ្លាញឱ្យមានរន្ធ ឬប្រហោង ការបំផ្លាញនេះនឹងដំណើរទៅជារឿយៗ ដោយរាងកាយមិនអាចជួសជុលបានឡើយ។

– វិធីពិសោធថា តើធ្មេញពុកឬក៏អត់នោះ ត្រូវធ្វើយ៉ាងណា?

ឆ្លើយ ៈ

  • មានចំណុចខ្មៅនៅលើចង្អូរលើធ្មេញ អាចមើលឃើញបានដោយការយកកញ្ចក់មកឆ្លុះជិតៗ។
  • មើលដោយភ្នែកទទេនឹងឃើញមានកំណកល្អក់ៗសៗ ជាប់នៅនឹងចន្លោះអញ្ចាញ និងធ្មេញ។
  • ពេលយកឈើចាក់ធ្មេញមកកៀសៗបរិវេណចង្អូរលើធ្មេញ នឹងមានអាការស្រៀវធ្មេញ។
  • ទទួលទានអាហារត្រជាក់ខ្លាំង ក្តៅខ្លាំង ឬផ្អែមខ្លាំង នឹងមានអារម្មណ៍ស្រៀវរហូតឈឺធ្មេញ។
  • មានក្លិនមាត់គ្រប់ពេលវេលា។

(នៅមានត)

Advertisement