Trump ថ្លែងការណ៍​ជា​លើកដំបូង​ក្រោយ​មាន​អំពើហិង្សា​នៅ​សភា

លោក Donald Trump បាន​ថ្កោលទោស​អំពើហិង្សា និង​សន្យាថា​នឹង​ប្រគល់​អំណាច​ដោយ​រលូន​ដល់​រដ្ឋបាល​លោក Biden នៅក្នុង​ការធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ដំបូង ក្រោយពី​មាន​អំពើហិង្សា​នៅ​សភា។

«យើង​ទើបតែ​បាន​ឆ្លងកាត់​ការបោះឆ្នោត​ប្រកបដោយ​ភាព​តានតឹង។ ប៉ុន្តែ ពេលនេះ ក្បាល​ដែល​កំពុង​ក្ដៅ ត្រូវការ​ត្រជាក់​មកវិញ និង​កែលម្អ​អស្ថិរភាព» លោក Trump ថ្លែង​ដូច្នេះ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ Twitter កាលពី​យប់​ថ្ងៃទី 7 មករា (ព្រឹក​ថ្ងៃទី 8 មករា នៅ​ភ្នំពេញ)។

នេះ​គឺជា​សេចក្ដីថ្លែងការណ៍​ដំបូង​របស់​ប្រធានាធិបតី​អាមេរិក ក្រោយពី​មាន​ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់​របស់លោក បាននាំគ្នា​សម្រុកចូល​វិមាន​សភា នាំឱ្យមាន​ភាពវឹកវរ​កើតឡើង។

លោក Trump ថ្លែងថា៖ «រដ្ឋាភិបាល​ថ្មី​មួយ​នឹង​ស្បថ​ចូលកាន់​អំណាច​នៅ​ថ្ងៃទី 20 មករា។ អាទិភាព​របស់ខ្ញុំ​ពេលនេះ​គឺ​ការ​ងាក​ទៅ​ធានា​ដល់​ការប្រគល់អំណាច​ប្រកបដោយ​ភាពរលូន។ នេះ​ជា​ដំណាក់​កាលដែល​ត្រូវ​អំពាវនាវ​ឱ្យមាន​ការផ្សះផ្សា​ជាតិ»។

សេចក្ដីថ្លែងការណ៍​នេះ ត្រូវបាន​គេ​ជឿថា ជាការ​ទទួលស្គាល់​ដំបូង​របស់លោក Trump ចំពោះ​បរាជ័យ​ក្នុងការ​បោះឆ្នោត។ លោក Trump ក៏បាន​និយាយថា រយៈពេល 4 ឆ្នាំ​នៃ​ការ​កាន់អំណាច​គឺជា «កិត្តិយស​នៃ​ជីវិត​របស់ខ្ញុំ»។ យោងតាម​សារព័ត៌មាន​អាមេរិក សំឡេង​របស់លោក Trump បាន​ប្ដូរផ្លាស់​ទាំងស្រុង​ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ។

«ក្រុមបាតុករ​ដែល​បាន​រំលោភ​ចូល​ភ្នំ Capitol ធ្វើឱ្យ​ល្អក់កករ​ដល់ទី​ឋាន​នៃ​ខឿន​ប្រជាធិបតេយ្យ​អាមេរិក។ ក្រុម​អ្នក​ដែល​បាន​ចូលរួម​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ មិន​តំណាងឱ្យ​ប្រទេសជាតិ​យើង​ឡើយ។ ក្រុម​អ្នក​បំពាន​ច្បាប់ នឹង​ត្រូវតែ​ទទួលទោស» លោក Trump បញ្ជាក់​យ៉ាង​ដូច្នេះ។

ក្រោយពី​សភា​អាមេរិកាំង​បានទទួល​ស្គាល់​ជ័យជំនះ​របស់លោក Joe Biden លោក Trump តាមរយៈ​ជំនួយការ ក៏បាន​ឱ្យដឹងថា លោក​នឹង «ប្រគល់​អំណាច​ដោយ​រលូន» ទៅឱ្យ​រដ្ឋាភិបាល​ថ្មី៕

ប្រភព៖ AFP, Hill

Advertisement