Reuters៖ សភា​ជាន់​ទាប​អាមេរិក ចោទប្រកាន់​លោក Trump ជា​ផ្លូវការ

សភា​ជាន់​ទាប​អាមេរិក កាលពី​ថ្ងៃទី 25 មករា បានធ្វើការ​ចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី Donald Trump ជា​ផ្លូវការ ព្រោះ​បាន «ញុះញង់​ឱ្យមាន​ការបះបោរ» ដោយ​ការអធិប្បាយ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់លោក មុនពេល​សភា​ទទួលស្គាល់​ជ័យជំនះ​របស់​បេក្ខភាព Joe Biden។

កាលពី​ថ្ងៃទី 6 មករា ឆ្នាំ 2021 ក្រុមបាតុករ​គាំទ្រ​លោក Trump បាននាំគ្នា​សម្រុកចូល​កាន់កាប់​វិមាន​សភា Capitol និង​បង្ក​ភាពវឹកវរ បណ្ដាលឱ្យ​សភា​អាមេរិក​ត្រូវ​ផ្អាក​កិច្ចប្រជុំ​ដែល​ទទួលស្គាល់​ជ័យជំនះ​របស់លោក Biden សម្រាប់​ការបោះឆ្នោត​ឆ្នាំ 2020។ បាតុកម្មហិង្សា​នេះ​បានសម្លាប់​មនុស្ស​ចំនួន 5នាក់ ក្នុងនោះ​មាន​មន្ត្រីប៉ូលិស​ផងដែរ។

ពាក​ក្យ​បណ្ដឹង​ចោទប្រកាន់​ប្រឆាំងនឹង​លោក Trump ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សភា​ជាន់ខ្ពស់​នៅ​ព្រឹក​ថ្ងៃទី 25 មករា (ម៉ោង​ក្នុងស្រុក)។ តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ចំនួន 9 រូប​នៅ​សភា​ជាន់​ទាប​នឹង​ដើរតួនាទី​ជា​ចៅក្រម។

ទង្វើ​ខាងលើនេះ​ក៏​បង្កើតឱ្យមាន​កំណត់ត្រា​ថ្មី​ចំនួន​ពីរ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក នោះ​គឺ ទីមួយ លោក Trump គឺជា​ប្រធានាធិបតី​អាមេរិក​តែមួយគត់​ដែល​ត្រូវបាន​សភា​ជាន់​ទាប​ចោទប្រកាន់​ដល់​ទៅ​ពី​លើក និង​ជាម​នុស្ស​ដំបូង​ដែល​ប្រឈម​នឹង​ការចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ក្រោយពី​បាន​ចប់​អាណត្តិ។ ការដែល​ត្រូវ​កាត់ទោស​នៅ​សភា​ជាន់ខ្ពស់​អាច​នឹង​ក្លាយជា​រនាំង​ឧបសគ្គ​ដ៏​ធំ​ចំពោះ​ការបន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រ​ធានា​ធិ​បត​របស់លោក Trump នាពេល​អនាគត។

អនុប្រធានាធិបតី​អាមេរិក​ លោក​ស្រី Kamala Harris

មេដឹកនាំ​សភា​ជាន់ខ្ពស់​អាមេរិក មុននេះ បាន​យល់​ស្របគ្នា​ថា​នឹងមិន​កាត់ក្ដី​លើ​ការចោទប្រកាន់​ចំពោះ​លោក Trump រហូតដល់​ថ្ងៃទី 9 កុម្ភៈ។ សភា​ជាន់ខ្ពស់​អាមេរិក បច្ចុប្បន្ន​ត្រូវបាន​បែងចែក​ស្មើគ្នា​សម្រាប់​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ប៉ុន្តែ ក្នុងករណី​មិនមាន​អ្នកឈ្នះ-ចាញ់​ក្នុងការ​បោះឆ្នោត​នៅ​សភា​ជាន់ខ្ពស់ ក្រុម​​ប្រជាធិបតេយ្យ​ក៏​នៅតែ​មានប្រៀប​ជាង​ក្រុម​សាធារណរដ្ឋ ដោយសារ​តែមាន​សំឡេងឆ្នោត​សម្រេច​ចុង​ក្រោយ​ពី​អនុ​ប្រធានាធិបតី Kamala Harris។

ការយឺតយ៉ាវ​ក្នុងការ​កាត់ទោស អាច​ផ្ដល់​ពេលវេលា​បន្ថែម​ដល់​លោក Trump ដើម្បី​ត្រៀមខ្លួន​សម្រាប់​រៀបចំ​មេធាវី និង​យុទ្ធសាស្ត្រ​ទប់ទល់​ក្នុងការ​ការពារ​ខ្លួន ព្រមទាំង​អនុញ្ញាតឱ្យ​សភា​ជាន់ខ្ពស់​អាច​ផ្ដោតទៅលើ​បញ្ហា​អាទិភាព​របស់​ប្រធានាធិបតី Joe Biden ក្នុងនោះ​ក៏មាន​ការតែងតាំង​មន្ត្រី​នានា​សម្រាប់​តំណែង​នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ផងដែរ៕

ប្រភព៖ Reuters

Advertisement